នៅឯជាយក្រុងឧស្សាហកម្មរបស់កូរ៉េខាងត្បូង កម្មករនៅរោងចក្រផលិតអាវុធដ៏ធំមួយ កំពុងធ្វើការសាកល្បងដំណាក់កាលចុងក្រោយ សម្រាប់ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាសទើបបង្កើតថ្មី ដែលនៅទីបំផុត អាចនឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន។
ដោយសារគោលនយោបាយក្នុងស្រុកដ៏យូរអង្វែង ទីក្រុងសេអ៊ូលត្រូវបានរារាំងមិនឲ្យបញ្ជូនអាវុធចូលទៅក្នុងតំបន់ជម្លោះសកម្ម ប៉ុន្តែចាប់តាំងពីទីភ្នាក់ងារចារកម្មរបស់ខ្លួន បានចោទប្រកាន់កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែកាលពីខែមុនថា បានបញ្ជូនទាហានរាប់ពាន់នាក់ទៅជួយទីក្រុងមូស្គូប្រយុទ្ធជាមួយទីក្រុងគីវ ប្រទេសកូរ៉េខាងត្បូង បានព្រមានថា ខ្លួនអាចផ្លាស់ប្តូរគោលការណ៍។
ប្រសិនបើដូច្នេះមែន ការបញ្ជូនប្រព័ន្ធនេះទៅអ៊ុយក្រែន ទំនងអាចជា «Cheongung» ឬ Sky Arrow ប្រព័ន្ធការពារដែនអាកាស ដែលជាខែលស្ទាក់ចាប់មានប្រភេទដូច Iron Dome ពោលគឺជាប្រព័ន្ធផលិតក្នុងស្រុកដែលសារព័ត៌មាន AFP បានឃើញ កាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ក្នុងដំណើរដើរទស្សនាផ្តាច់មុខ នៅរោងចក្រ Hanwha Aerospace ភាគខាងត្បូងទីក្រុង Changwon។
គួរបញ្ជាក់ថា អ៊ុយក្រែនពឹងផ្អែកលើប្រព័ន្ធការពារដែនអាកាសលោកខាងលិច ជាពិសេស Patriot ដើម្បីការពារខ្លួនពីការបាញ់ស្រោចមីស៊ីលរបស់រុស្ស៊ី ហើយបាន និងកំពុងអំពាវនាវឲ្យមានការដឹកជញ្ជូនបន្ថែមទៀត។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយកាលពីខែមិថុនាថា ខ្លួននឹងផ្តល់អាទិភាពដល់ការដឹកជញ្ជូនទៅកាន់ទីក្រុងគីវ នៅមុនប្រទេសដទៃទៀតដែលបានដាក់ការបញ្ជាទិញ៕