លោក Andrey Kelin ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ TRT World របស់ប្រទេសទួរគីថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer មិនយល់អំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែននោះទេ។
អ្នកការទូតរូបនេះ បាននិយាយថា៖«ចំពោះគោលនយោបាយការបរទេស ខ្ញុំអាចនិយាយបានថា ដំបូងឡើយ គាត់មិនបានធ្វើសេចក្តីថ្លែងការណ៍ដ៏អាក្រក់អំពីរុស្ស៊ី និងអ៊ុយក្រែននោះទេ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីមានការរិះគន់មួយចំនួនដែលគាត់បានទទួល គាត់ពិតជា បានសង្កត់ធ្ងន់លើចំណុចនេះថា ប្រទេសលោកខាងលិចទាំងអស់ រួមទាំងចក្រភពអង់គ្លេសដែរនោះ គួរតែបង្កើនសមត្ថភាពយោធា គួរតែផ្តល់ជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ «ការធ្វើបែបនេះ គ្រាន់តែនាំឲ្យខ្ញុំសន្និដ្ឋានថា អ្នកមិនបានដឹងពីស្ថានភាពពិតទេ គឺថាអ្វីៗទាំងអស់កំពុងដំណើរការខុសពីធម្មតា»។
ដោយងាកទៅមើលគោលនយោបាយក្នុងស្រុករបស់គណបក្សការងារ លោក Kelin បាននិយាយថា ផែនការរបស់លោក Starmer ក្នុងការជំរុញសេដ្ឋកិច្ចនោះ មិនត្រូវបានទទួលដោយការអបអរសាទរពីប្រជាជនទេ។
ឯកអគ្គរដ្ឋទូតរូបនេះ បាននិយាយថា៖ «នៅក្នុងប្រទេស ប្រជាប្រិយភាពរបស់គាត់ កំពុងធ្លាក់ចុះ។
ថ្លែងនៅក្នុងសភាកាលពីថ្ងៃទី ២១ ខែវិច្ឆិកា លោក Starmer បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការគាំទ្រអ៊ុយក្រែនជាមួយនឹងអ្វីដែលខ្លួនត្រូវការសម្រាប់រយៈពេលចាំបាច់។ សារព័ត៌មាន The Economist បានរាយការណ៍ថា សម្ពាធលើអ៊ុយក្រែន ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២៥។ យោងតាមរបាយការណ៍ ទីក្រុងគីវ អាចត្រូវបានគេបង្ខំឲ្យធ្វើដូច្នេះដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃការគាំទ្រផ្នែកយោធាពីលោកខាងលិច ជាពិសេស គឺសហរដ្ឋអាមេរិក។