រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហៃទី បានជួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) ពាក់ព័ន្ធទៅនឹងអ្វីដែលក្រសួងហៅថា ជា «ការអត្ថាធិប្បាយមិនស្មោះត្រង់ និងមិនសមរម្យ« របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅពេលលោកចាកចេញពីកិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មលូតលាស់ទាំង២០ (G20) នៅប្រទេសប្រេស៊ីល។
លោក Macron កាលពីថ្ងៃពុធ (ទី២០ ខែវិច្ឆិកា) បានពណ៌នាការសម្រេចរបស់ក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលរបស់ប្រទេសតំបន់ការ៉អ៊ីពមួយនេះ ក្នុងការទម្លាក់នាយករដ្ឋមន្ត្រីពីតំណែង កាលពីដើមខែនេះ ចំពេលមានការកើនឡើងនូវភាពតានតឹងនៅក្នុងសង្គ្រាមរបស់ជនអន្ធពាលថា ជា «រឿងល្ងង់ខ្លៅទាំងស្រុង»។
ដោយត្រូវបានថតពេលនិយាយនៅប្រទេសប្រេស៊ីល មុនពេលសរសើរអតីតនាយករដ្ឋមន្ត្រី លោក Garry Conille ដែលត្រូវបានបណ្តេញចេញពីតំណែង ចំពេលមានការបែកបាក់ជាមួយក្រុមប្រឹក្សាថា ជាមេដឹកនាំដ៏អស្ចារ្យនោះ លោក Macron បានប្រាប់ថា៖ «និយាយដោយស្មោះត្រង់ គឺជាជនជាតិហៃទី ដែលបានបំផ្លាញប្រទេសហៃទី ដោយអនុញ្ញាតឲ្យមានការជួញដូរគ្រឿងញៀន។ ពួកគេគឺល្ងង់ខ្លៅណាស់ ពួកគេមិនគួរបណ្តេញលោកចេញពីអំណាចនោះទេ»។
ការលើកឡើងរបស់លោកបែបនេះ បានបង្កឲ្យមានការខឹងសម្បា នៅប្រទេសហៃទី ដែលជាអតីតដែនដីស្ថិតក្រោមអាណានិគមរបស់បារាំង៕