ម្ចាស់បណ្ដាញសង្គម X គឺមហាសេដ្ឋីអាមេរិក លោក Elon Musk បានរិះគន់ដល់សេចក្ដីស្នើច្បាប់របស់ប្រទេសអូស្ត្រាលី ដែលហាមឃាត់ក្មេងៗអាយុក្រោម ១៦ឆ្នាំ មិនឲ្យចូលប្រើប្រាស់បណ្ដាញសង្គម និងដាក់ពិន័យលើបណ្ដាញសង្គមរហូតដល់ ៤៩,៥លានដុល្លារអូស្ត្រាលី (៣២លានដុល្លារអាមេរិក) ប្រសិនបើបំពាននឹងច្បាប់នេះជាប្រព័ន្ធ។
រដ្ឋាភិបាលឆ្វេងនិយមកណ្ដាលរបស់អូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ វិច្ឆិកា) បានដាក់ចេញសេចក្តីព្រាងច្បាប់នេះក្នុងសភា។ ប្រទេសនេះមានគម្រោងសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដើម្បីអនុវត្តការកាត់ផ្តាច់អាយុលើបណ្ដាញសង្គម ជាការគ្រប់គ្រងដ៏លំបាកបំផុតមួយចំនួនដែលដាក់ចេញដោយប្រទេសណាមួយ រហូតមកដល់បច្ចុប្បន្ននេះ។
«វាហាក់ដូចជាវិធីតាមទ្វារក្រោយ ដើម្បីគ្រប់គ្រងការចូលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតរបស់ប្រជាជនអូស្ត្រាលីគ្រប់រូប»។ នេះជាការលើកឡើងរបស់លោក Musk ដែលចាត់ទុកខ្លួនលោកថា ជាជើងឯកនៃការនិយាយដោយសេរី ដើម្បីជាការឆ្លើយតបចំពោះការបង្ហោះរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅលើបណ្ដាញសង្គម X អំពីច្បាប់នេះ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា។
គួរបញ្ជាក់ថា ប្រទេសជាច្រើនបានប្ដេជ្ញារួចហើយថា នឹងទប់ស្កាត់ការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ តាមរយៈច្បាប់ ប៉ុន្តែគោលនយោបាយរបស់អូស្ត្រាលី អាចក្លាយជាផ្នែកហាមប្រាមដ៏តឹងរ៉ឹងបំផុតមួយ ដោយមិនមានការលើកលែងនោះឡើយ សូម្បីតែមានការយល់ព្រមពីមាតាបិតា និងគណនីដែលមានស្រាប់៕