ព្រិលឆាប់រហ័ស បានធ្លាក់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែសីតុណ្ហភាពនៅពីលើស្ថានភាពកក ធ្វើឲ្យភ្ញៀវទេសចរកាន់តែរីករាយចំពោះទេសភាពធ្លាក់ព្រិលបែបនេះ ។
ព្រិលបានបន្តធ្លាក់លើព្រះវិហារ Sacre-Coeur Basilica ហើយភ្ញៀវទេសចរ និងអ្នករស់នៅក្នុងទីក្រុងប៉ារីស ស្ថិតក្នុងសង្កាត់ Montmarte នាំគ្នាផ្តិតយករូបភាព ខ្លះក៏ភ្ញាក់ផ្អើលដោយសារតែព្រិលធ្លាក់ច្រើន ។
អាជ្ញាធរឧតុនិយម Meteo France បានចេញការព្រមានអាកាសធាតុកម្រិតពណ៌លឿងសម្រាប់តំបន់ភាគច្រើននៅភាគខាងជើង និងភាគកណ្តាលប្រទេសបារាំង ។ កូដកម្មរថភ្លើងមានកម្រិត នឹងធ្វើឲ្យមានការអាក់ខានបន្តិចបន្តួចផងដែរ ។
អ្នកស្រី Emilie គឺជាភ្ញៀវទេសចរមកពីប្រទេសកាណាដា និយាយថា ខ្ញុំគិតថា វាគឺជាវេទមន្ត ពីព្រោះថា ខ្ញុំអត់បានដឹងទេថា មាននូវទេសភាពដូចក្នុងផ្ទាំងគំនូរបែបនេះ មានព្រិលច្រើនណាស់ ហើយខ្ញុំចូលចិត្តវា ពិសេសនៅរដូវបុណ្យណូអែល ។
អ្នកស្រីបន្តថា ខ្ញុំគិតថា វាគឺជាពេលវេលាដ៏ល្អមួយ អ្នកដឹងទេ ដោយសាររដូវស្លឹកឈើជ្រុះ ខ្ញុំអត់ដឹងថាក្រៀមក្រំ ឬទុក្ខព្រួយនោះទេ ហើយឥឡូវវាកាន់តែត្រជាក់ វាពិតជាឡូយមែនទែន ។
ចំណែកឯលោក Alberto Arribas គឺជាភ្ញៀវទេសចរអេស្ប៉ាញវ័យ ៣០ឆ្នាំ ដែលបានមកទីក្រុងប៉ារីសជាលើកដំបូង និយាយថា និយាយតាមត្រង់ ខ្ញុំមិនបានរំពឹងថាមានព្រិលបែបនេះទេ ។ វាត្រជាក់ ប៉ុន្តែល្អ ខ្ញុំពិតជាមិនបានរំពឹងវាបែបហ្នឹងទេ វាត្រជាក់បែបផ្សេង ។
ដោយឡែក លោក Henri គឺជាអ្នករស់នៅក្នុងទីក្រុងប៉ារីស និយាយថា ស្រាក្រហម Beaujolais ឆ្ងាញ់ខ្លាំងណាស់ ជាពិសេសនៅពេលដែលព្រិលធ្លាក់ ។ ពួកយើងមិនត្អូញត្អែរទេ មានព្រិលធ្លាក់ ២លើកក្នុង ១ឆ្នាំនៅទីក្រុងប៉ារីស ៕