លោក Andrey Kartapolov ប្រធានសភារុស្ស៊ី (សភាជាន់ទាប)បានប្រាប់សារព័ត៌មាន TASS ថា៖«ប្រទេសនៃសមូហភាពលោកខាងលិច គួរតែ «ព្រួយបារម្ភ និងភ័យខ្លាច ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) អំពីការប្រើប្រាស់មីស៊ីលប្រភេទថ្មីរបស់ប្រទេសនេះ។
លោក Kartapolov បានសង្កត់ធ្ងន់ថា៖«ពួកគេ គួរតែព្រួយបារម្ភ និងភ័យខ្លាច។ បុព្វហេតុរបស់យើងត្រឹមត្រូវ ជ័យជម្នះ នឹងក្លាយជារបស់យើង»។ លោកបានបន្ថែមថា ប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន «នឹងបន្តដំណើរការ រហូតដល់កិច្ចការទាំងអស់ ត្រូវបានបញ្ចប់»។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ បានប្រកាសមុននេះថា ពួកគេនឹងអនុញ្ញាតឲ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ បន្ទាប់ពីនោះ មីស៊ីលរបស់អាមេរិក និងអង់គ្លេស បានវាយប្រហារលើទីតាំងយោធារុស្ស៊ី នៅក្នុងតំបន់ Kursk និង Bryansk។
លោកបានបន្តថា រុស្ស៊ីបានឆ្លើយតបទៅនឹងការវាយប្រហារទាំងនោះ ដោយដំបូងឡើយដោយប្រើប្រាស់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមល្បឿនលឿនជាងសំឡេង Oreshnik ប្រភេទថ្មីបំផុតរបស់រុស្ស៊ី ជាមួយនឹងក្បាលគ្រាប់មិនមែននុយក្លេអ៊ែរ ទៅលើរោងចក្រឧស្សាហកម្មការពារជាតិអ៊ុយក្រែនគឺ រោងចក្រ Yuzhmash នៅក្នុងទីក្រុង Dnepropetrovsk ។ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា គោលនយោបាយបង្កហេតុរបស់លោកខាងលិច អាចមានផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី ក្នុងករណីជម្លោះកាន់តែកើនឡើងខ្លាំង។