ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដោយកិច្ចជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនាក់ទំនងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ បង្ការ ប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតជាពិសេសលើបញ្ហាគ្រឿងញៀនតែម្តង។
ថ្លែងក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះវត្តមាន លោកអនុរដ្ឋមន្ត្រី និងសហការី ដោយបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងកែលម្អឲ្យកាន់តែប្រសើរនូវចំណុចដែលសេសសល់។
ជាមួយគ្នានេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានអះអាងផងដែរថា ក្នុងនាមជាប្រទេសជិតខាងត្រូវតែបន្ដពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោលត្រូវជួយគ្នាទៅវិញទៅមក សំដៅធានាដល់ការរក្សាមិត្តភាពយូរអង្វែង ហើយត្រូវពង្រឹងវិស័យសន្តិសុខសណ្ដាប់ធ្នាប់ ហើយកម្លាំងមានសមត្ថកិច្ច នៃប្រទេសទាំងពីរ ត្រូវរួមគ្នាប្រឆាំងបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរលោកអនុរដ្ឋមន្ដ្រីវៀតណាម បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ នៃប្រទេសទាំងពីរ និងបានចែករំលែកសភាពការណ៍ និងការសហការគ្នាល្អ។ លោកបន្ដថា វៀតណាម និងកម្ពុជាមានទំនាក់ទំនងជាប្រពៃណីតាំងពីយូរលង់មក ហើយក្រសួងនគរបាលវៀតណាម បានពង្រីកទំនាក់ទំនងជាមួយកម្ពុជា ពិសេសវិស័យសន្តិសុខ។
លោកអនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ក៏បានកោតសរសើរចំពោះឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យនគរបាល ហើយឥឡូវក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារសន្តិសុខជាតិ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកគូសបញ្ជាក់ថា កន្លងមកកម្ពុជា-វៀតណាម បានសហការចែករំលែកព័ត៌មានគ្នា លើការទប់ស្កាត់បទល្មើស និងព័ត៌មានក្លែងក្លាយ និងការងារក្នុងវិស័យសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបម្រើជូនប្រជាជនទាំងពីរ៕ អត្ថបទ៖ បាន ចក់




