ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញអារម្មណ៍កក់ក្តៅក្រោយក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព

2024/11/22 04:37:20 pm        215

ក្រុមប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការ​ពង្រីក​​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​តាមរបបភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បានផ្តល់អត្ថប្រយោជន៍ច្រើន ជាពិសេស​អ្នកប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​មាន​ឱកាសទទួលបានការគាំពារសុខភាព និងកាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ពិនិត្យ​សុខ​ភា​ព​នៅ​ពេល​មានជំងឺឈឺថ្កាត់ម្តងៗ។

អ្នកស្រី កិ សុខរ៉ន អាជីវករលក់ផ្លែឈើ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ បាន​លើក​ឡើង​ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានពង្រីក​វិសាលភាព នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គល​ស្វ័យនិយោជន៍) អាចចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. ខ្លួនទទួលបាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​លើ​សេវា​ថែទាំសុខភាពដូចបណ្តាពលរដ្ឋដទៃទៀតដែរ។

អ្នកស្រីបន្តថា មុនពេលក្លាយជាសមាជិក ប.ស.ស. គាត់មានការ​ចំណាយ​ច្រើន​លើ​ការ​ពិនិត្យ​សុខ​ភាព​ និងពេលខ្លះពុំមានលទ្ធភាពទៅមន្ទីរពេទ្យនៅពេលឈឺថ្កាត់ម្តងម្កាលនោះទេ ក៏ប៉ុន្តែប​ន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក ប.ស.ស. ដោយចំណាយត្រឹមតែ ១៥,៦០០រៀល ក្នុងមួយខែ គឺអាចទៅ​ទទួល​បាន​សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចំណាយតិចតួចបំផុតសម្រាប់គាត់។

អ្នកស្រី សារី ហ្វីនី អាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ បានឲ្យ​ដឹង​ស្រដៀង​គ្នា​ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិក ប.ស.ស. បាន គឺជាការ​ផ្តល់​អត្ថ​ប្រយោជន៍ដ៏ល្អបំផុតទៅដល់ពួកគាត់ ពីព្រោះអ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ថែ​ទាំ​សុខភាព និងពិនិត្យសុខភាពដោយឥតគិតថ្លៃដូចបណ្តាសមាជិក ប.ស.ស. ជាអ្នក​ធ្វើ​ការ​ដែរ ដោយចំណាយថវិកាបង់វិភាគទានប្រចាំខែទាបបំផុត ដែលទាំង​នេះ​អាច​ជួយ​កាត់​បន្ថយ​ចំណាយ​បាន​យ៉ាង​ធំធេងសម្រាប់គ្រួសារ និងជាភាពរីករាយ​ថ្មី​មួយ​ទៀត​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

អ្នកស្រីបានបន្ថែមថា អ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ភាព​កក់​ក្តៅ​បន្ទាប់​ពី​អាច​ក្លាយ​ជា​សមាជិក​ ប.ស.ស. ដូចបណ្តាមន្រ្តីរាជការ កម្មករនិយោជិតដែរ។ សម្រាប់ការពិនិត្យសុខភាព និង​ការថែទាំសុខភាពរបស់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធពុំមានការរើសអើងនោះទេ ហើយថែមទាំងទទួលបានសេវាថែទាំសុខភាពប្រកបដោយក្រមសីលធម៌ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផងដែរ។

ក្រុមប្រជាពលរដ្ឋទាំងនេះ បានថ្លែងអំណរ​គុណ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចៗគ្នា តាមរយៈការ​ពង្រីក​វិសាល​ភាព​នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមួយនេះ។ លើសពីនេះ​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រួលដល់អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនទៀត ដូច​ជា​បើកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈបន្ថែមដោយឥតគិតថ្លៃផងដែរ។

ការពង្រីក​វិសាលភាព​របស់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត ​គឺជា​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​បង្កើ​ត​ឡើង​ដើម្បី​ជួយ​ប្រជា​ពលរ​ដ្ឋឱ្យ​ទទួល​បាន​ការ​ថែទាំ​សុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាច​គ្រប់​គ្រង​ចំណាយ​លើ​បញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាលំនឹង​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​និង​បង្កើន​ផលិតភាពការងារ។ បច្ចុប្បន្ន របបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ទាំងតាមរយៈ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមនិងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ ២,៦៧១,០៣០នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន ៤២២,៥៩៣នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ( សហព័ទ្ធ និងកូន) ចំនួន ១៣៦,២១០នាក់៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am