រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីសង្កាត់ Baabda និងសង្កាត់ Choueifat ឃើញការវាយប្រហារបន្ថែមទៀតរបស់អ៊ីស្រាអែល លើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត នាព្រឹកថ្ងៃសុក្រនេះ ជាមួយនឹងសំណុំផ្សែងយ៉ាងក្រាស់ហុយឡើងលើ បន្ទាប់ពីការផ្ទុះគ្រាប់ ។
មន្រ្តីមួយរូបរបស់លីបង់ និយាយថា កាលពីថ្ងៃព្រហស្បតិ៍ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៤៧នាក់ នៅតំបន់ភាគខាងកើតប្រទេសលីបង់ ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz នៅទីក្រុងតែល អាវីវ ដើម្បីព្យាយាមសម្រេចបានបទឈប់បាញ់ ជាការបញ្ចប់សង្រ្គាមជាមួយក្រុមហេសបូឡារបស់លីបង់ ។
លោក Hochstein គឺជាអ្នកសម្របសម្រួលអាមេរិកដែលបាននិយាយថា បទឈប់បាញ់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួកយើង អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសលីបង់កាលពីថ្ងៃអង្គារនោះ បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ផងដែរ កាលពីថ្ងៃពុធ ។ នៅពុំទាន់មានសេចក្តីថ្លែងការណ៍ភ្លាមៗនោះទេ ។
ក្រសួងសុខាភិបាលលីបង់ និយាយថា ចំនួនមនុស្សស្លាប់សរុប ចាប់តាំងខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៣.៥៨៣នាក់ នៅក្នុងប្រទេសលីបង់ ដែលភាគច្រើននៃអ្នកស្លាប់ កើតឡើងអំឡុងការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីខែកញ្ញារហូតមក ។
ដោយឡែក ការវាយប្រហាររបស់ក្រុមហេសបូឡា បានសម្លាប់មនុស្សជាង ១០០នាក់នៅតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពស់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ។ ពួកគេរួមទាំងទាហានជាង ៧០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើតំបន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ខ្ពស់រាប Golan Heights ហើយនិងការប្រយុទ្ធគ្នានៅតំបន់ភាគខាងត្បូងលីបង់ ៕


