មន្ត្រីនគរបាលសន្តិសុខន័រវ៉ែស កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ឆ្មាំសន្តិសុខម្នាក់ ដែលធ្វើការនៅស្ថានទូតអាមេរិក ក្នុងប្រទេសន័រវ៉ែស ត្រូវបានចាប់ខ្លួន ដោយសង្ស័យពីបទធ្វើចារកម្ម តំណាងឲ្យប្រទេសរុស្ស៊ី និងអ៊ីរ៉ង់។
នគរបាលបាននិយាយថា បុរសជាជនជាតិន័រវ៉ែសវ័យ ២០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់គេផ្ទាល់កាលពីថ្ងៃទី២០ ខែវិច្ឆិកា។ ហើយនៅថ្ងៃទី២១ ខែវិច្ឆិកា តុលាការបានសម្រេចថា ជនសសង្ស័យអាចត្រូវឃុំខ្លួនរយៈពេល ៤សប្តាហ៍ដំបូង ដោយសប្តាហ៍ដំបូងត្រូវនៅដាច់ដោយឡែកពីអ្នកផ្សេង ខណៈដែលនគរបាលកំពុងស៊ើបអង្កេត។
លោក Thomas Blom មេធាវីតំណាងសេវានគរបាលសន្តិសុខ PST បានប្រាប់អ្នកសារព័ត៌មានថា៖ «បុរសជាប់ចោទ គឺជាបុគ្គលិកសន្តិសុខម្នាក់នៅស្ថានទូតអាមេរិក ក្នុងទីក្រុងអូស្លូ»។
លោក Blom បាននិយាយថា បុរសនោះកំពុងសហការ និងនិយាយជាមួយក្រុមមន្ត្រី ហើយលោកបានបន្ថែមថា សម្ភារៈឌីជីថលមួយចំនួន «ធំ» ត្រូវបានរឹបអូស។ លោក Blom បានប្រាប់ទៀតថា៖ «យើងទើបតែបានចាប់ផ្ដើមដើមដំបូងប៉ុណ្ណោះ ហើយយើងកំពុងដំណើរការតាមនីតិវិធីរបស់យើង»។
មេធាវីរបស់ជនជាប់ចោទ គឺលោក John Christian Elden បាននិយាយថា កូនក្តីរបស់លោកបានទាក់ទងជាមួយមន្រ្តីចារកម្មរុស្ស៊ី និងអ៊ីរ៉ង់ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា តើរូបគេមានព័ត៌មានសម្ងាត់ដែលមានន័យថា ច្បាប់ប្រឆាំងចារកម្ម អាចត្រូវបានប្រើប្រាស់ប្រឆាំងនឹងរូបគេដែរ ឬយ៉ាងណា៕

