អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Abdul Mateen Qaniee នៅថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) នេះ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង នៅក្នុងខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។
ភ្លាមៗនេះ គេមិនទាន់ដឹងនៅឡើយទេថា តើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនោះ។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសនេះ នៅឆ្នាំ២០២១ ហើយបានប្តេជ្ញាថា នឹងស្តារសន្តិសុខឲ្យប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។ ការវាយប្រហារបានបន្តមាន ដែលភាគច្រើនត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមប្រដាប់អាវុធមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម (IS)។
កាលពីខែកញ្ញា នៅភាគកណ្តាលអាហ្វហ្គានីស្ថាន មនុស្ស ១៤នាក់ បានបាត់បង់ជីវិត និង ៦នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារមួយដែលត្រូវបានក្រុម IS អះអាងថា ជាស្នាដៃរបស់ខ្លួន៕

