រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Andrei Belousov និយាយនៅក្នុងវីដេអូចេញផ្សាយដោយក្រសួងការពារជាតិនាថ្ងៃសុក្រនេះថា កងកម្លាំងរុស្ស៊ីនៅប្រទេសអ៊ុយក្រែន បានព្យាយាមពន្លឿនការរុលទៅមុខរបស់ពួកគេបន្ថែមទៀត ។
យោងតាមទិន្នន័យប្រភពបើកចំហ បានឲ្យដឹងថា កងកម្លាំងក្រុងម៉ូស្គូ បានព្យាយាមរុលទៅមុខក្នុងរយៈពេល ២ខែកន្លងទៅនេះ នៅក្នុងអត្រាលឿនបំផុតរបស់ពួកគេ ចាប់តាំងពីខែមីនា ឆ្នាំ ២០២២ ។
លោក Belousov បាននិយាយបែបនេះ អំឡុងជំនួបជាមួយក្រុមមេបញ្ជាការកំពូលៗរបស់លោក និងក្រុមមន្រ្តីនៃកងកម្លាំងក្រុមភូមិភាគជើងរបស់រុស្ស៊ី ។ វីដេអូរបស់ក្រសួងការពារជាតិ ឃើញលោក Belosuov ធ្វើដំណើរទៅកាន់ប៉ុស្តិ៍បញ្ជាការនៅក្នុងប្រទេសអ៊ុយក្រែន និងផ្តល់មេដាយឥស្សរិយយសដល់ទាហានក្លាហានរុស្ស៊ី ។
ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនដណ្តើមបានភូមិ Dalne ស្ថិតក្នុងតំបន់ភាគខាងកើត Donetsk របស់អ៊ុយក្រែន ដែលជាចំណុចប្រសព្វគ្នានៃការរុលទៅមុខរបស់ពួកគេ ក្នុងសង្រ្គាមរយៈពេល ៣៣ខែកន្លងមកនេះ ។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែន ពុំបានទទួលស្គាល់ថាភូមិ Dalne ត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃរុស្ស៊ីនោះទេ ។
សេចក្តីរាយការណ៍ចុងក្រោយរបស់យោធាអ៊ុយក្រែន អះអាងថា ភូមិមួយនេះ ស្ថិតក្នុងចំណោមភូមិចំនួន ៧ក្នុងតំបន់ជាទីដែលកងកម្លាំងរុស្ស៊ីព្យាយាមទម្លុះការការពាររបស់អ៊ុយក្រែន ២៦លើក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ ពួកគេអះអាងថា ការប៉ះទង្គិចប្រដាប់អាវុធ ១០លើក ក្នុងចំណោម ១៦លើក នៅតែបន្តក្នុងតំបន់នោះ ។
កងកម្លាំងរុស្ស៊ី ដែលគ្រប់គ្រងទឹកដីអ៊ុយក្រែនបានតិចជាង ២០ភាគរយ បានព្យាយាមរុលទៅមុខបន្ថែមទៀតនៅភាគខាងជើងឆ្ពោះទៅកាន់ទីក្រុងភស្តុភា Kupiansk ស្ថិតក្នុងតំបន់ភាគឦសាន Kharkiv ៕


