អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅថ្ងៃសុក្រនេះថា ទីក្រុងប៉េកាំងនឹងពង្រីកការរៀបចំលើកលែងទិដ្ឋាការរបស់ខ្លួនដល់ប្រទេសជាច្រើន រួមទាំងជប៉ុន ប៊ុលហ្គារី រ៉ូម៉ានី ក្រូអាត ម៉ុនតេណេហ្គ្រូ និងប្រទេសដទៃទៀត ដោយមានសុពលភាពចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រហូទដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា ចិននឹងបង្កើនការស្នាក់នៅដោយគ្មានទិដ្ឋាការដល់រយៈពេល ៣០ថ្ងៃ ពី ១៥ថ្ងៃ សម្រាប់ពលរដ្ឋមកពីប្រទេសទាំងអស់ ៣៨ប្រទេស នៅក្នុងកម្មវិធីលើកលែងទិដ្ឋាការរបស់ខ្លួន ។
កាលពីមុនចិនផ្តល់ការរៀបចំលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋកូរ៉េខាងត្បូង និងប្រទេសនៅអឺរ៉ុបមួយចំនួនទៀត ដើម្បីពង្រឹកវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលសេដ្ឋកិច្ចធ្លុះចុះ ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ចិនបានសម្រេចចិត្តពង្រីកទំហំប្រទេសលើកលែងទិដ្ឋាការ ។
លោកថា ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រហូទដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ គោលនយោបាយលើកលែងទិដ្ឋាការ នឹងអនុញ្ញាតដោយផ្អែកលើមូលដ្ឋានសាកល្បង សម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសប៊ុលហ្គារី រ៉ូម៉ានី ក្រូអាត ម៉ុនតេណេហ្គ្រូ ម៉ាសេដូនីខាងជើង ម៉ាល់តា អេស្តូនី ឡាតវី និងជប៉ុន ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshimasa Hayashi និយាយប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃសុក្រនេះថា ទីក្រុងតូក្យូសង្ឃឹមថា ចំណាត់ការរបស់ចិន ក្នុងការចាប់ផ្តើមឡើងវិញការចូលដោយគ្មានទិដ្ឋាការរយៈពេលខ្លី សម្រាប់អ្នកដំណើរជប៉ុន នឹងលើកកម្ពស់ការផ្លាស់ប្តូរពីមនុស្សទៅមនុស្ស រវាងប្រទេសជិតខាងទាំង ២ ៕


