តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានច្រានចោលបណ្តឹងប្រឆាំងអតីតនាយករដ្ឋមន្ត្រី លោគ ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងគណបក្សកាន់អំណាចដែលគាំទ្រដោយគ្រួសាររបស់លោក ដែលជាការបង្ហាញនូវភាពធូរស្រាលយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលដែលមានអាយុមិនដល់ ៣ខែផងដែររបស់កូនស្រីលោក។
នៅក្នុងសេចក្ដីថ្លែងការណររបស់ខ្លួន តុលាការ បានឲ្យដឹងថា ខ្លួននឹងមិនបន្តដំណើរការ ចំពោះបណ្ដឹងដែលប្ដឹងដោយមេធាវីសកម្មជនទៀតឡើយ។ ការប្ដឹងដោយលោក Theerayuth Suwankaesorn ដែលជាអ្នកនៅពីក្រោយការរំលាយគណបក្សបោះជំហានទៅមុខ (Move Forward) ស្វែងរកដីកាបង្គាប់ឲ្យលោក ថាក់ស៊ីន និងគណបក្សភឿថៃ (Pheu Thai) បញ្ឈប់ការប៉ុនប៉ងរបស់ខ្លួន ដើម្បីផ្តួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី ២អាណត្តិ លោក ថាក់ស៊ីន មិនមែនជាសមាជិករបស់គណបក្សភឿថៃនោះទេ ទោះបីជារូបលោកត្រូវបានចាត់ទុកថា ជាមេដឹកនាំជាក់ស្ដែងរបស់បក្សក៏ដោយ។
អ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសថៃ គឺលោក ថាក់ស៊ីន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា កំពុងមានឥទ្ធិពលយ៉ាងខ្លាំងក្លា ក្នុងការកំណត់ទិសដៅ សម្រាប់រដ្ឋាភិបាលដែលដឹកនាំដោយកូនស្រីពៅរបស់លោក គឺលោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់)។
សម្រាប់ពេលនេះ ការច្រានចោលនេះ បានបន្ធូរបន្ថយហានិភ័យបានខ្លះៗនូវភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងការខឹងសម្បារបស់អ្នកវិនិយោគ នៅក្នុងប្រទេសដែលទើបរើបឡើងវិញបានបន្តិចពីដីការបស់តុលាការដូចគ្នានេះ ដែលបានបញ្ចប់តំណែងនាយករដ្ឋមន្ត្រីនាពេលនោះរបស់លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) ក្នុងសំណុំរឿងរំលោភក្រមសីលធម៌៕

