ក្រុមអាជ្ញាធរក្នុងតំបន់ Sumy និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារយានដ្រូនរបស់រុស្ស៊ីលើទីក្រុងភាគឦសាន Sumy របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ១២នាក់ផ្សេងទៀត បានរងរបួសនាថ្ងៃសុក្រនេះ ។
យោងតាមការអះអាងរបស់នគរបាលជាតិ បានឲ្យដឹងថា អគារផ្ទះល្វែង ១២ខ្នង ផ្ទះឯកជន ៥ខ្នង ហាងលក់ទំនិញមួយកន្លែង និងរយន្ត ៣គ្រឿង រងការខូចខាត ក្រោយយានដ្រូន ៣គ្រឿង វាយប្រហារទីក្រុងមួយនេះ កាលពីវេលាម៉ោង ៥ព្រឹកទាបភ្លឺ ម៉ោងក្នុងស្រុកថ្ងៃសុក្រ ។
សេវាកម្មសង្រ្គោះបន្ទាន់ និងនគរបាលជាតិអ៊ុយក្រែន បានចេញរូបភាពវីដេអូឃ្លីបឃើញក្រុមឆ្លើយតកំពុងធ្វើការនៅកន្លែងអគាររងការខូចខាត និងរថយន្តបំផ្លិចបំផ្លាញ ។
រុស្ស៊ី បានបង្កើនការវាយប្រហារតំបន់នេះ និងហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗរបស់ពួកគេ អំឡុងការវាយប្រហារស្លាប់មនុស្ស ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។
ដោយឡែក ការវាយប្រហារយានដ្រូននៅពេលយប់កាលពីថ្ងៃអង្គារលើទីក្រុងតូច Hlukhiv ស្ថិតក្នុងតំបន់ Sumy បានសម្លាប់មនុស្ស ១២នាក់ រួមទាំងកុមារម្នាក់ផងដែរ ។
រីឯកាលពីយប់ថ្ងៃអាទិត្យ ការវាយប្រហារមីស៊ីលលើតំបន់ Sumy បានសម្លាប់មនុស្ស ១១នាក់ និងមនុស្ស ៨៩នាក់ផ្សេងទៀត រងរបួស បន្ថែមពីការការដាច់ចរន្តអគ្គិសនីនៅមជ្ឈមណ្ឌលរដ្ឋបាលតំបន់ ៕



