នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) បាននិយាយថា ព្រឹត្តិការណ៍ថ្មីៗ បង្ហាញថា មានហានិភ័យ៉ាងជាក់ស្ដែងពីការផ្ទុះឡើងនូវជម្លោះជាសកល បន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមលឿនជាងសំឡេងទៅលើទីក្រុងមួយរបស់ប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) បាននិយាយថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលអនុញ្ញាតឲ្យទីក្រុងគីវវាយប្រហារដែនដីរុស្ស៊ីជាមួយនឹងអាវុធកម្រិតខ្ពស់របស់លោកខាងលិច ជាទង្វើដែលលោកបានចាត់ទុកថា បានផ្តល់ឲ្យជម្លោះនូវ «ធាតុផ្សំនៃលក្ខណៈសកល»។
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានហៅការបាញ់មីស៊ីលរបស់រុស្ស៊ីថា ជា ការបង្កើននូវភាពតានតឹងថ្មីមួយទៀត ក្រោយពីមានការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរុស្ស៊ី។
នៅឯសន្និសីទគ្រូបង្រៀន លោក Tusk បានប្រាប់ថា៖ «សង្រ្គាមនៅភាគខាងកើត កំពុងឈានចូលដល់ដំណាក់កាលកំណត់ដ៏សំខាន់មួយ។ យើងមានអារម្មណ៍ថា ហេតុការណ៍គ្មានអ្នកណាដឹងបាន កំពុងខិតជិតមកដល់ហើយ។ ជម្លោះកំពុងតែមានស្ថានភាពតានតឹង និងធ្ងន់ធ្ងរទៅៗ។ ប៉ុន្មានម៉ោងចុងក្រោយនេះ បានបង្ហាញថា ការគំរាមកំហែង គឺធ្ងន់ធ្ងរ និងជាក់ស្ដែង នៅពេលវាពាក់ព័ន្ធទៅនឹងជម្លោះសកល»។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន រុស្ស៊ី និងបេឡារុស គឺជាសំឡេងឈានមុខគេដែលអំពាវនាវឲ្យសមាជិករបស់អង្គការណាតូ (NATO) ចំណាយបន្ថែមទៀតលើវិស័យការពារជាតិ ហើយខ្លួនកំពុងលៃទុកនូវទឹកប្រាក់ ៤,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីលើកកម្ពស់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅឆ្នាំ២០២៥៕


