ប្រជាពលរដ្ឋអ៊ុយក្រែន និយាយថា ពួកគេមានការប្រុងប្រយ័ត្នខ្ពស់
ពេលដែលប្រធានាធិបតីរុស្ស៊ីលោក Wladimir Putin
លើកឡើងពីការវាយប្រហារបន្ថែមទៀតលើអ៊ុយក្រែន
ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកប្រភេទថ្មី ។

ពលរដ្ឋនៅតាមដងផ្លូវក្នុងរដ្ឋធានីគីវនាថ្ងៃសុក្រនេះ និយាយថា ពួកគេខ្លាចរអា
ហើយមានការព្រួយបារម្ភពីការវាយប្រហារបន្ថែមទៀត បន្ទាប់ពីរុស្ស៊ីប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទថ្មីវាយប្រហារទីក្រុងភាគកណ្តាល Dnipro កាលពីថ្ងៃព្រហស្បតិ៍ ។
វិមានក្រឹមឡាំង និយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារលើអ៊ុយក្រែន
ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេងទើបផលិតថ្មី
ត្រូវបានរៀបចំឡើងជាសារមួយព្រមានលោកខាងលិចថា ទីក្រុងម៉ូស្គូ នឹងឆ្លើយតបចំពោះកាសម្រេចចិត្ត
និងសកម្មភាពដ៏ធ្វេសប្រហែសរបស់ពួកគេ ក្នុងការគាំទ្រអ៊ុយក្រែន ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងបែបនេះ រយៈពេលមួយថ្ងៃ ក្រោយលោក Putinនិយាយថា
ទីក្រុងម៉ូស្គូ បានបាញ់មីស៊ីលប្រភេទថ្មី Oreshnik ឬ
Hazel Tree ទៅលើគោលទីតាំងយោធាអ៊ុយក្រែន ។

លោក Putin និយាយកាលពីថ្ងៃព្រហស្បតិ៍ថា
រុស្ស៊ីបានបាញ់មីស៊ីលថ្មី ក្រោយអ៊ុយក្រែនដោយមានការឯកភាពពីរដ្ឋបាលលោក Biden
បានវាយប្រហាររុស្ស៊ីជាមួយមីស៊ីល ATACMS ផលិតនៅអាមេរិកចំនួន ៦គ្រាប់កាលពីថ្ងៃអង្គារ ហើយនិងវាយប្រហារដោយមីស៊ីលតម្រង់គោលដៅ Storm Shadow របស់អង់គ្លេស និងមីស៊ីល
HIMARS ផលិតនៅអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ៕