អ្នកស្រុកនាំគ្នាសម្រុកទៅផ្សារ នៅរដ្ឋភាគឦសាន Manipur របស់ឥណ្ឌានាថ្ងៃសុក្រនេះ ពេលដែលក្រុមអាជ្ញាធរដកចេញបំរាមគោចរ បន្ទាប់ពីអំពើហិង្សាថ្មីនៅក្នុងតំបន់មួយនេះ ។
នៅក្នុងបទបញ្ជាមួយដែលបានអនុម័តកាលពីថ្ងៃពុធ ដំបូងក្រុមអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយបំរាមគោចរសម្រាប់រយៈពេល ៥ម៉ោងនៅពេលព្រឹក ដែលក្រោយមកនឹងបង្កើនរយៈពេល ២ម៉ោងទៀត ។
ក្រុមអ្នកស្រុក នាំគ្នាទិញសម្ភារៈចាំបាច់ដូច ជាចំណីអាហារ ឱសថ និងអាហារូបត្ថម្ភសម្រាប់គ្រួសាររបស់ពួកគេ ពេលដែលផ្សារបើកទ្វារឡើងវិញ ក្រោយដាក់បំរាមគោចរកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាកន្លងទៅ ។
ទោះបីជាយ៉ាងណាក៏ដោយ សេវាអ៊ិនធឺណិតនៅក្នុងតំបន់ បន្តផ្អាកដដែល នៅតាមស្រុកចំនួន ៧ រហូតដល់ថ្ងៃសៅរ៍ស្អែក ។
រដ្ឋមានពលរដ្ឋរស់នៅ ៣,២លាននាក់ ដែលជាប់ព្រំដែនជាមួយសហភាពមីយ៉ាន់ម៉ានេះ បានរងផលប៉ះពាល់ដោយសារជម្លោះថ្មីនៃអំពើហិង្សាក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ ដែលជាផ្នែកមួយនៃជម្លោះជាប់គាំងអស់រយៈពេលយូររវាងសហគមន៍កុលសម្ព័ន្ធ Kuki និងកុលសម្ព័ន្ធ Meitei ។
ការបង្ហូរឈាមនេះដែរ បានសម្លាប់មនុស្សយ៉ាងហោច ២៥០នាក់ និងមនុស្ស ៦ម៉ឺននាក់ផ្សេងទៀត ជម្លៀសខ្លួននៅក្នុងតំបន់ ចាប់តាំងពីខែឧសភា ឆ្នាំមុនរហូតមក ៕



