ដោយដកស្រង់ប្រភពនានា សារព័ត៌មានហូឡង់ De Telegraaf នៅថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា ប្រមុខអង្គការណាតូ លោក Mark Rutte កំពុងចូលជួបសួរសុខទុក្ខប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅឯគេហដ្ឋានរបស់លោក ក្នុងរដ្ឋ Florida។
សារព័ត៌មាននេះ បានឲ្យដឹងថា លោក Rutte បានធ្វើដំណើរតាមយន្តហោះរបស់រដ្ឋាភិបាលហូឡង់។ ដោយសារប្រមុខអង្គការណាតូមិនមានយន្តហោះផ្ទាល់ខ្លួននោះ សម្ព័ន្ធភាពយោធាមួយនេះតែងតែជួលយន្តហោះពីប្រទេសសម្ព័ន្ធមិត្តណាតូ។ រ៉ាដាតាមដានការហោះហើរតាមប្រព័ន្ធអ៊ីនធឺណិត បង្ហាញថា យន្តហោះរដ្ឋាភិបាលហូឡង់ បានចុះចតនៅរដ្ឋ Florida។
ទាំងរដ្ឋាភិបាលហូឡង់ និងអង្គការណាតូ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីហូឡង់ លោក Rutte ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាមេដឹកនាំសហភាពអឺរ៉ុបដែលទទួលបានជោគជ័យបំផុត ក្នុងការដោះស្រាយជាមួយលោក Trump អំឡុងអាណត្តិដំបូង ក្នុងនាមជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក៕

