ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ចំនួនបុគ្គលិកផ្ដល់ជំនួយ ត្រូវបានសម្លាប់ នៅឆ្នាំ 2024 ច្រើនជាងឆ្នាំណាៗទាំងអស់ គិតចាប់តាំងពីតួលេខត្រូវបានចាប់ផ្តើមកត់ត្រា ដោយអ្នកស្លាប់ភាគច្រើន គឺមាននៅក្នុងជម្លោះ នៅតំបន់ហ្កាហ្សា។
រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២៤ នេះ មានបុគ្គលិកផ្ដល់ជំនួយចំនួន ២៨១នាក់ហើយ ត្រូវបានសម្លាប់។ នេះបើយោងតាមមូលដ្ឋានទិន្នន័យរបស់ស្ថាប័ន Aid Worker Security ដែលបានកត់ត្រាឧប្បត្តិហេតុតាំងពីឆ្នាំ១៩៩៧ ធៀបនឹង ២៨០នាក់ ក្នុងឆ្នាំ២០២៣ ដែលជាចំនួនខ្ពស់បំផុតកាលពីមុន។
ទិន្នន័យបានបង្ហាញថា មនុស្ស ១៧៨នាក់ ត្រូវបានសម្លាប់នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន ក្នុងនោះរួមទាំងតំបន់ហ្កាហ្សាផងដែរ ដែលវាជាជម្លោះបង្ហូរឈាមបំផុត សម្រាប់ UN។ ហើយបើតាមការបង្ហាញដដែលនេះ បានឲ្យឃើញទៀតថា បុគ្គលិក ២៥នាក់ត្រូវបានសម្លាប់នៅប្រទេសស៊ូដង់។
នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់ UN លោក Jens Laerke បានលើកឡើងថា៖ «អ្នកទាំងនេះកំពុងធ្វើកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេត្រូវបានសបស្នង ដោយការសម្លាប់បែបនេះឬ?»។ លោកបានបន្ថែមថា ជនរងគ្រោះភាគច្រើនជាបុគ្គលិកក្នុងស្រុក ខណៈ ១៣នាក់ ជាបុគ្គលិកជំនួយអន្តរជាតិ។
គួរបញ្ជាក់ថា បុគ្គលិកជំនួយទទួលបានការការពារក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ប៉ុន្តែអ្នកជំនាញបាននិយាយពីគំរូមួយចំនួន សម្រាប់ករណីបែបនេះ ដែលត្រូវបានដំណើរការកាត់ក្តី ដោយមានការព្រួយបារម្ភអំពីការធានាលទ្ធភាពទទួលបាននាពេលអនាគត សម្រាប់ក្រុមជំនួយ និងអំពីការលំបាកពីការមានចេតនាបង្កជាឧបសគ្គ៕


