ក្រុមអាជ្ញាធរនិយាយនៅថ្ងៃសុក្រនេះថា នគរបាលអង់គ្លេស បានបញ្ជូនក្រុមកម្ចាត់អាវុធជាតិផ្ទុះទៅកាន់អាកាសយានដ្ឋាន Gatwick របស់ទីក្រុងឡុងដ្រ៍ ក្រោយវត្ថុហាមឃាត់សង្ស័យ ត្រូវបានរកឃើញនៅក្នុងអីវ៉ាន់ បន្ទាប់ពីការជម្លៀសអ្នកដំណើរមុននេះចេញពីចំណតយន្តហោះ ។
អាកាយានដ្ឋាន Gatwick ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតទី ២របស់អង់គ្លេស ស្ថិតនៅចម្ងាយប្រហែល ៤៨គ.មភាគខាងត្បូងទីក្រុងឡុងដ្រ៍ បាននិយាយថា មុននេះ ពួកគេបានជម្លៀលអ្នកដំណើរភាគច្រើនចេញពីចំណតយន្តហោះខាងត្បូងរបស់ខ្លួន ដោយលើកឡើងពីឧបទ្ទេវហេតុសន្តិសុខ ។
នគរបាលតំបន់ Sussex និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលត្រូវបានទូរស័ព្ទហៅទៅកាន់ចំណតយន្តហោះខាងត្បូង ស្ថិតក្នុងអាកាសយានដ្ឋាន Gatwick កាលពីវេលាម៉ោង ៨ និង ២០នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃសុក្រ បន្ទាប់បីរកឃើញវត្ថុហាមឃាត់សង្ស័យនៅក្នុងអីវ៉ាន់ ។
ពួកគេបន្តថា ជាការប្រុងប្រយ័ត្នទុកជាមុន ក្រុមកម្ចាត់អាវុធជាតិផ្ទុះ(EOD) ត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋាន ។
ក្រុមអាជ្ញាធរអាកាសយានដ្ឋាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា អ្នកដំណើរត្រូវបាននាំចេញពីអគារ ខណៈឧបទ្ទេវហេតុមួយនេះនៅបន្តកើតឡើង ស្របពេលនគរបាលនិយាយថា មាននូវការកកស្ទះចរាចរណ៍ខ្លាំង ហើយនិងនាំណែមនុស្សឲ្យចៀសចេញឆ្ងាយពីទីនោះ ។
ឧបទ្ទេវហេតុដាច់ដោយឡែកមួយទៀតនៅព្រឹកថ្ងៃសុក្រនេះដែរ នគរបាលក្រុងឡុងដ្រ៍ បានចុះប្រតិបត្តិការគ្រប់គ្រងជាតិផ្ទុះ នៅជិតស្ថានទូតសហរដ្ឋអាមេរិក ស្ថិតនៅភាគខាងត្បូងទីក្រុងឡុងដ៍ ក្រោយរកឃើញកញ្ចប់សង្ស័យ ៕