ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយថា រុស្ស៊ីបានផ្តល់ឲ្យកូរ៉េខាងជើងនូវមីស៊ីលប្រឆាំងដែនអាកាស និងឧបករណ៍ការពារដែនអាកាស ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅគាំទ្រទីក្រុងមូស្គូ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍កូរ៉េខាងត្បូង SBS ដែលចាក់ផ្សាយ នៅថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) នេះនៅពេលដែលត្រូវបានសួរថា តើទីក្រុងព្យុងយ៉ាងចំណេញអ្វីខ្លះពីការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់រុស្ស៊ី លោក Shin បាននិយាយថា រុស្ស៊ីបានផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធាដល់កូរ៉េខាងជើង។
លោកបានប្រាប់ថា៖ «គេជឿថា កូរ៉េខាងជើងត្រូវបានផ្តល់ឲ្យនូវឧបករណ៍ពាក់ព័ន្ធ និងមីស៊ីលប្រឆាំងយន្តហោះ ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសដ៏ខ្សោយរបស់ទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់ថា សមាជិកសភាកូរ៉េខាងត្បូង បានឲ្យដឹងនៅសប្តាហ៍នេះថា ទាហានកូរ៉េខាងជើងប្រហែល ១០.៩០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk ជាផ្នែកមួយនៃអង្គភាពទ័ពអាកាស និងជើងទឹករបស់រុស្ស៊ី ដែលកំពុងប្រឈមជាមួយកងកម្លាំងអ៊ុយក្រែន៕