បន្ទាប់ពីបានជួបជាមួយសមភាគីស្លូវ៉ាគី គឺលោក Robert Kalinak រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz នៅថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) បាននិយាយថា ប្រទេសប៉ូឡូញ និងស្លូវ៉ាគី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផលិតគ្រាប់រំសេវ នៅឆ្នាំក្រោយ។
ប្រទេសប៉ូឡូញបានឲ្យដឹងនៅខែនេះថា ខ្លួនគ្រោងនឹងវិនិយោគចំនួន ៣ពាន់លានស្លូទី ដើម្បីបង្កើនការផលិតគ្រាប់រំសេវ ក្នុងគោលបំណងធានាឲ្យបានថា ការផ្គត់ផ្គង់ គឺគ្រប់គ្រាន់ នៅក្នុងករណីមានការវាយប្រហារពីប្រទេសរុស្ស៊ី។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានចុះហត្ថលេខាផងដែរលើលិខិតសម្ដែងបំណងជាមួយបណ្ដាក្រុមហ៊ុនក្នុងស្រុកដើម្បីផលិតសារធាតុនីត្រូសែលលុយឡូស (សារធាតុងាយឆេះម៉្យាង) និងម្សៅពហុមូលដ្ឋានដែលចាំបាច់សម្រាប់ផលិតគ្រាប់រំសេវ។
លោក Kosiniak-Kamysz បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានយល់ព្រមជាមួយ (ឧបនាយករដ្ឋមន្ត្រី) លោក Kalinak ថា យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ពាក់ព័ន្ធនឹងការផលិតនេះ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥»៕