មីយ៉ាន់ម៉ា៖ ក្រុមអ្នកឃ្លាំមើលការចាប់ខ្លួន និងសម្លាប់នៅក្នុងសហភាពមីយ៉ាន់ម៉ាបាននិយាយថា យោធាសហភាពមីយ៉ាន់ម៉ាបានចាប់ខ្លួនជាថ្មីលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារជាង ១០០នាក់ដែលទើបត្រូវបានដោះលែងថ្មីៗក្រោមការលើកលែងទោស។ យោងតាមសមាគមជួយអ្នកទោសនយោបាយបានឲ្យដឹងថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ ដោយបានឆក់យកជីវិតមនុស្សជាង ១.១០០នាក់ក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ាប្រឆាំងយោធា និងបានចាប់ខ្លួនមនុស្សជាង ៨ពាន់នាក់។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះយោធាបានប្រកាសថា ខ្លួនបានដោះលែងមនុស្សជាង ៥,០០០នាក់ក្នុងឱកាសពិធីបុណ្យតាំងប្រទីបតាមប្រពៃណីសាសនាព្រះពុទ្ធដែលមានរយៈពេល ៣ថ្ងៃដែលធ្វើឲ្យគ្រួសារជាច្រើនប្រញាប់ប្រញាល់ទៅកាន់មាត់ពន្ធនាគារ ដោយសង្ឃឹមថានឹងបានជួបជុំមនុស្សជាទីស្រឡាញ់របស់ខ្លួនវិញ។ ចំនួនពិតប្រាកដនៃការដោះលែងនៅទូទាំងប្រទេសពិបាកក្នុងការផ្ទៀងផ្ទាត់ ហើយភាគច្រើនដោះលែងបន្ទាប់ពីចុះកិច្ចសន្យាឈប់ប្រឆាំងតទៅទៀត។ យោងតាមសមាគមជួយអ្នកទោសនយោបាយបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១១០នាក់ក្នុងចំណោមអ្នកដែលត្រូវបានលើកលែងទោសត្រូវបានចាប់ខ្លួនជាថ្មី។
ប្រភពខាងលើបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកមួយចំនួនត្រូវបានចាប់ខ្លួនជាថ្មីនៅពេលពួកគេបានទៅដល់ផ្ទះ។ អ្នកខ្លះត្រូវបានគេប្រាប់ថា ពួកគេត្រូវបានដោះលែងត្រឹមតែឈ្មោះប៉ុណ្ណោះ ដោយគ្រាន់តែទៅដល់មាត់ច្រកក៏ត្រូវនាំត្រឡប់ទៅបន្ទប់ពន្ធនាគារវិញ ដើម្បីទទួលការចោទប្រកាន់បន្ថែមទៀត៕
អត្ថបទ៖ សុខមាន