ហ្វីលីពីន៖ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន (NDRRMC) បាននិយាយកាលពីថ្ងៃពុធថាខ្យល់ និងភ្លៀងយ៉ាងខ្លាំងដោយសារព្យុះទីហ្វុង Molave បានបណ្ដាលឱ្យមនុស្ស ១៦នាក់ស្លាប់, ២២នាក់រងរបួស ខណៈបាត់ខ្លួន ៤នាក់ និងខូចខាតយ៉ាងដំណំនៅប្រទេសហ្វីលីពីន។
ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិខាងលើបាននិយាយថា មនុស្ស ២នាក់ក៏បានបាត់ខ្លួនផងដែរ បន្ទាប់ពីព្យុះបានបោកបក់លើប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យរហូតដល់ថ្ងៃអង្គារ ដោយបានបង្ខំឲ្យជម្លៀសប្រជាជនជិត ២១០.០០០នាក់នៅកោះលូហ្សុន និងភាគកណ្ដាលប្រទេសហ្វីលីពីន ដែលកំពុងជន់លិចភូមិឋានប្រជាពលរដ្ឋ មុនពេលបក់បោះពួយចេញពីប្រជុំកោះនេះ។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រជាជនដែលផ្លាស់ទីលំនៅជាង ៤៨.០០០នាក់កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ៧០៤កន្លែង។
ព្យុះនេះក៏បានធ្វើឱ្យខូចខាតផ្លូវយ៉ាងតិច ៩៣ខ្សែ និងស្ពានចំនួន ២០ នៅទូទាំងប្រទេស និងបណ្ដាលឲ្យខាតបង់ថវិកាប្រមាណ ៤៣០លានប៉េសូ (៨លាន ៩សែនដុល្លារអាមេរិក) ដោយសារតែការខូចខាតដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕
អត្ថបទ៖ សុខមាន

