បាល់ទាត់៖ ខ្សែប្រយុទ្ធអេហ្ស៊ីបរបស់ Liverpool, Mohamed Salah បានប្រឈមមុខទល់នឹងរូបខ្លួនឯងដែលធ្វើពីក្រមួនដាក់តាំងនៅសារមន្ទីរ Madame Tussauds ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ Salah បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនៅពេលបានឃើញរូបក្រមួនដែលមើលទៅដូចខ្លួនឯងបេះបិទ ដោយបានលាន់មាត់ថាដូចជាគេកំពុងមើលកញ្ចក់។ រូបដែលពូនឆ្លាក់ពីក្រមួននេះនឹងត្រូវបានដាក់បង្ហាញជាសាធារណៈនៅថ្ងៃទី២២ ខែតុលានេះ។

Mohamed Salah បានធ្វើខ្លួនឱ្យក្លាយជាកីឡាករកំពូលម្នាក់នៅលើលោក និងមានឈ្មោះល្បីខ្លាំងនៅពេលមកដល់ Liverpool កាលពីឆ្នាំ២០១៧ ដោយបានបំបែកកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលនៅ English Premier League ចំនួន ៣២គ្រាប់នៅរដូវកាល ២០១៧-១៨។ ក្រោយមក Salah បានជួយ Liverpool ឈ្នះពានរង្វាន់អឺរ៉ុប UEFA Champions League ជាលើកទី៦ ក៏ដូចជាពាន English Premier League លើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ។ រដូវកាលនេះទៀតសោតកីឡាករវ័យ ២៩ឆ្នាំរូបនេះរកបាន ១២គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១១ប្រកួត៕
អត្ថបទ៖នាង សុភាវុធ