ទីក្រុងគីវ បានបិទសភា កាលពីថ្ងៃសុក្រ រយៈពេលមួយថ្ងៃ ដោយលើកឡើងពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីដ៏ខ្លាំងក្លា បន្ទាប់ពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចេញការព្រមានដល់ប្រទេសលោកខាងលិច ដោយការបាញ់មីស៊ីលរយៈចម្ងាយមធ្យមថ្មី ទៅលើប្រទេសអ៊ុយក្រែន។

ការវាយលុករយៈពេល៣៣ខែរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន បានកើនឡើងក្នុងសប្តាហ៍នេះដោយការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម មានសមត្ថភាពបំពាក់នុយក្លេអ៊ែរ ទៅលើទីក្រុង Dnipro កាលពីថ្ងៃព្រហស្បតិ៍។
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា សុន្ទរកថារបស់លោកលោកពូទីន បានគំរាមវាយប្រហារលោកខាងលិច និងបាននិយាយថា លោក «ត្រៀមរួចស្រេច សម្រាប់សេណារីយ៉ូណាមួយ»។

លោក ពូទីន និយាយថា ទីក្រុងមូស្គូ មានសិទ្ធិក្នុងការវាយប្រហារលើប្រទេសនានា ដែលអនុញ្ញាតឱ្យទីក្រុងគីវ វាយលុកចូលទឹកដីរុស្ស៊ីដោយប្រើប្រាស់អាវុធរបស់ពួកគេ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានផ្តល់ភ្លើងខៀវ ឱ្យទីក្រុងគីវ ដើម្បីធ្វើដូច្នេះ។
ប្រភពព័ត៌មានផ្នែកការទូតបានប្រាប់សារព័ត៌មាន AFP ថា មន្ត្រីអង្គការណាតូ និងអ៊ុយក្រែន គ្រោងនឹងជួបប្រជុំគ្នា នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីការរីកធំជម្លោះនេះ។
នៅទីក្រុងគីវ ដែលជាគោលដៅជាញឹកញាប់ដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី សភាបានលុបចោលសម័យប្រជុំ ជុំវិញការភ័យខ្លាចការវាយប្រហារ។