តាកែវ៖ នៅក្នុងការចុះពិនិត្យតាមគ្លីនិកឯកជននៅក្នុងក្រុងដូនកែវ ដើម្បីរកលិខិតអនុញ្ញាតច្បាប់របស់អាជ្ញាធក្រុងដូនកែវ កាលពីម្សិលមិញនេះ អាជ្ញាធក្រុងបានរកឃើញគ្លីនិកមួយចំនួនមិនទាន់ទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាលនៅឡើយនោះទេ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ ដែលបានដឹកនាំមន្រ្តីចុះទៅពិនឹត្យបានថ្លែងឲ្យដឹងថា អាជ្ញាធក្រុងបានចុះត្រួតពិនិត្យនៅតាមទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗចំនួន ១២ទីតាំង ក្នុងក្រុងដូនកែវ ក្នុងនោះដែរបានរកឃើញទីតាំងចំនួន ០៥ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីក្រសួងសុខាភិបាលនៅឡើយទេ ដូច្នោះយើងបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបិទទីតាំងជាបណ្ដោះអាសន្ន។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឱ្យដឹងថា ចំពោះទីតាំងទាំង ៥នេះ គឺម្ចាស់ទីតាំងបានដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតទៅក្រសួងសុខាភិបាល រួចរាល់អស់ហើយ ប៉ុន្តែលិខិតអនុញ្ញាតពីក្រសួងមិនទាន់ធ្លាក់មកដល់ ដូច្នោះអាជ្ញាធរសម្រេចអោយម្ចាស់ទីតាំង ចំនួន ៥នេះ ផ្អាកសកម្មភាពផ្ដល់សេវាសុខាភិបាលទាំងស្រុង ជាបណ្ដោះអាសន្នសិន រងចាំទទួលបានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ទើបពួកគាត់អាចមកដាក់ពាក្យស្នើសុំបើកដំណើរការផ្ដល់សេវាសុខាភិបាលឡើងវិញបាន។
គួរបញ្ជាក់ថា ទីតាំងផ្ដល់សេវាសុខាភិបាល ទាំង ៥កន្លែង ដែលមិនទាន់មានច្បាប់អនុញ្ញាតរួមមាន៖ មន្ទីរសម្រាកព្យាបាល និងសម្ពព ឃ្វីន មន្ទីរសម្រាកព្យាបាល និងសម្ពព ដូនកែវ មន្ទីរសម្រាកព្យាបាល និងសម្ពព ចន្ដារង្សី មន្ទីរសម្រាកព្យាបាល និងសម្ពព សាំងជិនជូ និង មន្ទីរសម្រាកព្យាបាល ប៉ុលសុខា ៕







