លោក Donald Trump អាចនឹងស្វះស្វែងឲ្យទម្លាក់ចោលសំណុំរឿងបទព្រហ្មទណ្ឌដែលលោកត្រូវបានកាត់ទោសកាលពីខែឧសភា ពីសំណុំរឿងបទព្រហ្មទណ្ឌចំនួន៣៤ករណី ពាក់ព័ន្ធនឹងការបង់លុយបំបិទមាត់ទៅឱ្យតារាភាពយន្តអាសអាភាសម្នាក់ ដែលចៅក្រម បានចេញសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ខណៈការកំណត់ទោសរបស់លោកត្រាំ ពន្យារពេលមិនកំណត់ ក្នុងពេលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា។

ការកំណត់ទោស ត្រូវបានកំណត់ពេលធ្វើឡើងនៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា សប្តាហ៍ក្រោយ។
រដ្ឋអាជ្ញា ដែលការិយាល័យរបស់លោក Alvin Bragg នៅតំបន់ Manhattan បានស្នើឱ្យចៅក្រមតុលាការកំពូលរបស់រដ្ឋញូវយ៉ក លោក Juan Merchan ពិចារណាការពន្យារពេលដំណើរការទាំងអស់ក្នុងសំណុំរឿងនេះ រហូតដល់បន្ទាប់ពីលោក Trump ដែលមានអាយុ៧៨ ឆ្នាំ បញ្ចប់អាណត្តិជាប្រធានាធិបតីរយៈពេល៤ឆ្នាំ របស់លោក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមករា ខាងមុខ។

មេធាវីរបស់ លោក Trump ជាសមាជិកគណបក្សសាធារណរដ្ឋ បានអះអាងថា ករណីនេះត្រូវតែបានទម្លាក់ចោល ព្រោះការដែលវាកើតឡើងចំពោះលោកត្រាំ ខណៈលោកជាប្រធានាធិបតី នឹងបង្កឱ្យមាន «ការរាំងស្ទះមិនស្របតាមរដ្ឋធម្មនុញ្ញ» ចំពោះសមត្ថភាពគ្រប់គ្រងរបស់លោក។