ទីភ្នាក់ងារសុខភាពសាធារណៈរបស់កាណាដា កាលពីថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) បានបញ្ជាក់ពីការរកឃើញករណីដំបូងនៃវីរុសប្រភេទ Clade I របស់ជំងឺអុតស្វា ឬអឹមផក (Mpox) នៅប្រទេសកាណាដា ក្នុងខ្លួនអ្នកនៅខេត្ត Manitoba។

ទីភ្នាក់ងារសុខភាពសាធារណៈនៃប្រទេសកាណាដា (PHAC) បានប្រាប់ថា ករណីដែលទាក់ទងនឹងការធ្វើដំណើរនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៃវីរុសប្រភេទ Clade I របស់ជំងឺ Mpox នៅតំបន់អាហ្វ្រិកភាគកណ្តាល និងភាគខាងកើត។
ទីភ្នាក់ងារនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បុគ្គលនោះបានស្វែងរកការថែទាំវេជ្ជសាស្រ្តសម្រាប់រោគសញ្ញានៃជំងឺ Mpox នៅប្រទេសកាណាដា ភ្លាមៗបន្ទាប់ពីពួកគេវិលត្រឡប់មកវិញ ហើយបច្ចុប្បន្នកំពុងនៅដាច់ដោយឡែកពីអ្នកដទៃ»។
ទីភ្នាក់ងារនេះ បានបន្ថែមថា៖ «PHAC កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខភាពសាធារណៈ នៅខេត្ត Manitoba។ មន្ទីរពិសោធន៍អតិសុខុមជីវសាស្ត្រជាតិ (NML) បានជូនដំណឹងដល់ខេត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកាថា សំណាកដែលត្រូវបានធ្វើតេស្ត វិជ្ជមានជំងឺ Mpox វីរុសប្រភេទ Clade Ib»។

PHAC បានបញ្ជាក់បន្ថែមថា ទោះបីជាហានិភ័យ ចំពោះប្រជាជនទូទៅរបស់កាណាដា នាពេលនេះ នៅតែមានកម្រិតទាបក៏ដោយ ក៏ខ្លួននៅតែបន្តតាមដានយ៉ាងសកម្មនូវស្ថានភាពនេះ។ ទីភ្នាក់ងារ ក៏បាននិយាយផងដែរថា ការស៊ើបអង្កេតសុខភាពសាធារណៈ ក្នុងនោះរួមទាំងការតាមដានទំនាក់ទំនង កំពុងដំណើរការទៅ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺ Mpox ជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈសកលជាលើកទី២ ក្នុងរយៈពេល ២ឆ្នាំ កាលពីខែសីហា បន្ទាប់ពីវីរុសប្រភេទថ្មីហៅថា Clade Ib បានរីករាលដាលចេញពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោទៅកាន់ប្រទេសជិតខាង៕