សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងរារាំងដល់ការនាំចូលពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិនរាប់សិបបន្ថែមទៀត រាប់ចាប់ពីអាជីវកម្មផ្នែកលោហធាតុ រហូតដល់ឧស្សាហកម្មម្ហូបអាហារ ដោយលើកឡើងពីការព្រួយបារម្ភអំពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។

ក្រុមមន្ត្រីកំពុងបញ្ចូលបន្ថែមប្រហែលជា ៣០អង្គភាពទៀតទៅក្នុងបញ្ជីអង្គភាពច្បាប់ការពារការងារដោយបង្ខំលើជនជាតិអ៊ុយហ្គ័រ ដែលមានន័យថា ទំនិញដែលផលិតទាំងស្រុង ឬដោយផ្នែក ដោយក្រុមហ៊ុនទាំងនេះ នឹងត្រូវបានរឹតបន្តឹងមិនឲ្យនាំចូលសហរដ្ឋអាមេរិក។ ក្រសួងសន្តិសុខមាតុភូមិ បានប្រាប់ថា ការបន្ថែមថ្មីនេះនាំឲ្យចំនួនសរុបក្នុងបញ្ជី ឡើងដល់ ១០៧អង្គភាពហើយ។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានប្រាប់ឲ្យដឹងថា មូលហេតុ គឺថា ក្រុមហ៊ុនទាំងនោះត្រូវបានគេរកឃើញថា មានប្រភពមកពីតំបន់ Xinjiang ភាគពាយ័ព្យរបស់ប្រទេសចិន ឬធ្វើការជាមួយរដ្ឋបាលក្នុងតំបន់របស់ខ្លួន «ដើម្បីជ្រើសរើស បញ្ជូន និងទទួលកម្មករ ក្នុងរួមទាំងជនជាតិអ៊ុយហ្គ័រផងដែរ ចេញពីតំបន់ Xinjiang»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ពីបទចាប់ឃុំឃាំងជនជាតិអ៊ុយហ្គ័រជាង ១លាននាក់ និងជនជាតិភាគតិចមូស្លីមផ្សេងទៀត នៅក្នុងបណ្តាញនៃកន្លែងឃុំឃាំង ក្នុងតំបន់ Xinjiang ទោះបីជាក្រុមមន្ត្រី បានបដិសេធយ៉ាងខ្លាំងក្លា ចំពោះករណីនេះក៏ដោយ៕