ប្រទេសរុស្ស៊ីបានបញ្ចូលដែនដីដែលខ្លួនកាន់កាប់ ក្នុងប្រទេសអ៊ុយក្រែន នៅក្នុងរបាយការណ៍សារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ ដែលបង្ហាញទៅកាន់អង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះ ដោយនាំឲ្យមានការតវ៉ាពីមន្ត្រី និងសកម្មជនអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុ COP29 នាសប្តាហ៍នេះ។

ចំណាត់ការរបស់ទីក្រុងមូស្គូនេះ កើតឡើងនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្លឹងដល់ការចរចាកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានជាមួយប្រធានាធិបតីនាពេលខាងមុខរបស់អាមេរិក គឺលោក Donald Trump ពោលគឺអាចជាការសម្រេចជោគវាសនានៃដែនដីដ៏ច្រើន។

លោកស្រី Olga Yukhymchuk អនុរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសអ៊ុយក្រែន បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងឃើញថា រុស្ស៊ីកំពុងប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីធ្វើឲ្យស្របច្បាប់នូវសកម្មភាពរបស់ខ្លួន និងដើម្បីធ្វើឲ្យស្របច្បាប់នូវការកាន់កាប់ដែនដីរបស់យើង»។
លោកស្រីបាននិយាយថា អ៊ុយក្រែនកំពុងទាក់ទងជាមួយមន្ត្រីមកពីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ (UNFCCC) ដែលជាស្ថាប័នអាកាសធាតុសំខាន់របស់ UN ដើម្បីស្នើសុំឲ្យដោះស្រាយជម្លោះនេះ។
បញ្ហានៃការតវ៉ានេះ គឺពាក់ព័ន្ធនឹងរបាយការណ៍សារពើភ័ណ្ឌជាតិរបស់រុស្ស៊ី អំពីការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់ឆ្នាំ២០២២ ដែលទីក្រុងមូស្គូបានដាក់ជូន UNFCCC កាលពីថ្ងៃទី៨ ខែវិច្ឆិកា។
នៅក្នុងរបាយការណ៍ដាក់ជូនដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters នោះ រុស្ស៊ីបាននិយាយថា ខ្លួនអាចផ្តល់ទិន្នន័យបានតែចំនួន ៨៥ ក្នុងចំណោមដែនដី ៨៩ របស់ខ្លួន «ដោយសារតែមិនមានទិន្នន័យមូលដ្ឋានពីការប្រើប្រាស់ នៅដែនដីផ្សេងទៀត ដូចជាសាធារណរដ្ឋប្រជាមានិត Donetsk សាធារណរដ្ឋប្រជាមានិត Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson ដែលត្រូវបានបញ្ចូលជាដែនដីឧបសម្ព័ន្ធ ក្នុងខែកញ្ញា ឆ្នាំ២០២២៕