ក្រុមអ្នកជួយសង្គ្រោះ បានចាប់ផ្ដើមស្វែងរកមនុស្សតាមគំនរបាក់បែក នៅឯទីតាំងនៃការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ដែលបានបង្កការខូចខាតយ៉ាងដំណំដល់ភាគកណ្តាលនៃទីក្រុងបេរូត នៅថ្ងៃសៅរ៍ (២៣ វិច្ឆិកា) ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងអ្នកឈរមើល បានប្រមូលផ្តុំគ្នានៅក្បែរនោះ។

ដោយដកស្រង់សម្ដីរបស់មន្ត្រីសុខាភិបាល ទូរទស្សន៍ al-Manar របស់ក្រុមហេសបូឡា បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤នាក់ បានបាត់បង់ជីវិត ហើយ ២៣នាក់ បានរងរបួស ដោយសារការវាយប្រហារ នៅក្នុងសង្កាត់ Basta របស់ទីក្រុងបេរូត។

សាក្សីរបស់សារព័ត៌មាន Reuters បាននិយាយថា ការផ្ទុះបានអង្រួនរដ្ឋធានីមួយនេះប្រហែលម៉ោង ៤ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២ ម៉ោងសកល)។ ប្រភពសន្តិសុខបានប្រាប់ថា យ៉ាងហោចណាស់មានការទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ នៅក្នុងការវាយប្រហារនេះ។
គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារតាមអាកាសលើកទី៤ របស់អ៊ីស្រាអែល ក្នុងសប្តាហ៍នេះ ដែលសំដៅលើតំបន់ភាគកណ្តាលនៃទីក្រុងបេរូត ជាកន្លែងដែលភាគច្រើនការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជាយក្រុងភាគខាងត្បូងដែលគ្រប់គ្រងដោយក្រុមហេសបូឡា៕
