ប្រភពនានា នៅថ្ងៃសៅរ៍ (ទី២៣ ខែវិច្ឆិកា) នេះ បានប្រាប់សារព័ត៌មាន Reuters ថា សហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក និងប្រទេសអ្នកមានផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP29 បានយល់ព្រមបង្កើនការផ្តល់ជូនរបស់ពួកគេ ចំពោះគោលដៅហិរញ្ញវត្ថុពិភពលោកឲ្យដល់ចំនួន ៣០០ពាន់លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ នៅឆ្នាំ២០៣៥។

ការផ្លាស់ប្តូរនេះ បានកើតឡើង បន្ទាប់ពីសំណើចំនួន ២៥០ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចព្រមព្រៀងដែលត្រូវបានព្រាងឡើងដោយប្រធាន COP29 របស់ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) ត្រូវបានប្រទេសកំពុងអភិវឌ្ឍន៍រិះគន់ថា ជាការផ្ដល់ក្នុងកម្រិតទាបប្រកបដោយការមាក់ងាយ។

ប្រភពចំនួន ៥នាក់ ដែលដឹងអំពីការពិភាក្សាដោយបិទទ្វារ បាននិយាយថា EU បានយល់ព្រមថា ពួកគេអាចទទួលយកចំនួនខ្ពស់ជាងនេះ។ ចំណែកប្រភព ២ទៀត បានប្រាប់ថា សហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេស ក៏ព្រមព្រៀងតាមដែរ។
គួរបញ្ជាក់ថា គណៈប្រតិភូនៅឯកិច្ចពិភាក្សា ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កំពុងរង់ចាំសេចក្តីព្រាងថ្មីនៃកិច្ចព្រមព្រៀងសកល ស្តីពីហិរញ្ញវត្ថុអាកាសធាតុ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា បន្ទាប់ពីអ្នកចរចាបានធ្វើការពេញមួយយប់។
ភា្លមៗនេះ គេមិនទាន់ច្បាស់នៅឡើយទេថា តើការកែប្រែគោលជំហររបស់ប្រទេសអ្នកមាន ត្រូវបានទាក់ទងទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ នៅ COP29 ដែរ ឬទេ៕