អ្នកស្រុកនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍ (ទី២៣ ខែវិច្ឆិកា) បាននិយាយថា ការដកដង្ហើមនៅក្នុងខ្យល់បរិយាកាស «ដ៏គ្រោះថ្នាក់» មានអារម្មណ៍ដូចជាស្រូបចូលផ្សែងបារីដែលខ្លួនមិនមែនអ្នកជក់ ខណៈដែលពួកគេ ពិបាកទប់ទល់នឹងខ្យល់បរិយកាសកខ្វក់ដែលកំពុងកើនឡើងរបស់ទីក្រុងញូវដេលី។

យោងតាមក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ស្វីស ដែលបានប្រកាសទីក្រុងញូវដេលីថា ជារដ្ឋធានីមានបរិយាកាសពុលបំផុត នៅលើពិភពលោក កាលពីឆ្នាំមុន បានឲ្យដឹងថា តួលេខសន្ទស្សន៍គុណភាពខ្យល់ (AQI) មានកម្រិត ៤៥៩ ជាប្រភេទ «ដ៏គ្រោះថ្នាក់» នៅវេលាម៉ោង ៥:៤៥ នាថ្ងៃសៅរ៍នេះ។

អ្នកស្រុកទីក្រុងនេះម្នាក់ ឈ្មោះ Dinesh Tiwari បាននិយាយថា៖ «តើយើងអាចចៀសវាងមិនចាកចេញពីផ្ទះសម្បែងរបស់យើងបានប៉ុណ្ណា? វាពិបាកណាស់ក្នុងការចេញមកក្រៅ ប៉ុន្តែមានមនុស្សដែលគ្មានជម្រើសផ្សេង ក្រៅតែពីការទ្រាំជាមួយនឹងស្ថានភាពនេះ»។

គួរបញ្ជាក់ថា ថ្វីបើមានវិធានការប្រឆាំងការបង្កកខ្វក់ក៏ដោយ ក៏ទីក្រុងនេះមិនអាចទប់ស្កាត់វិបត្តិការបំពុលបានឡើយ។ ការដុតសំណល់ដំណាំរបស់កសិករនៅក្នុងរដ្ឋកសិកម្មរបស់ប្រទេសឥណ្ឌា គឺជារឿងខុសច្បាប់ ហើយត្រូវបាននិយាយជារៀងរាល់ឆ្នាំថា ជាដើមហេតុធ្វើឲ្យភាគខាងជើងឥណ្ឌាគ្របដណ្ដប់ដោយផ្សែងអ័ព្ទកខ្វក់ ដែលបង្កឡើងដោយផ្សែង ធូលីពីការដ្ឋានសំណង់ និងការបំភាយពីរថយន្ត៕