ប្រធានាធិបតី លោក Volodymyr Zelensky កាលពីថ្ងៃសុក្រ (ទី២២ ខែវិច្ឆិកា) បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសប្រភេទថ្មី ដើម្បីទប់ទល់នឹង «ហានិភ័យថ្មី» បន្ទាប់ពីរុស្ស៊ីបានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមថ្មី នៅក្នុងសង្គ្រាមដែលមានអាយុកាល ៣៣ខែហើយ។

ជាមួយគ្នានេះដែរ នៅក្នុងសុន្ទរកថាជាវីដេអូ នាពេលយប់របស់លោក លោក Zelensky បានប្រាប់ថា ការសាកល្បងអាវុធថ្មី សម្រាប់គោលបំណងភេរវកម្ម នៅក្នុងប្រទេសមួយផ្សេងទៀត គឺជា «ឧក្រិដ្ឋកម្មអន្តរជាតិ» ហើយបានចេញការអំពាវនាវថ្មីមួយឲ្យមាន «ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ» នៅទូទាំងពិភពលោក ដើម្បីរារាំងរុស្ស៊ីកុំឲ្យពង្រីកសង្រ្គាមបន្ថែមទៀត។

លោកកំពុងនិយាយមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានបាញ់អាវុធកម្រិតមធ្យមថ្មីមួយ ដែលមានឈ្មោះថា Oreshnik ចូលប្រទេសអ៊ុយក្រែនជាលើកដំបូង។ អ៊ុយក្រែនបាននិយាយថា មីស៊ីលនេះបានឈានដល់ល្បឿនលឿនបំផុតជាង ១៣.០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយប្រើពេលប្រមាណជា ១៥នាទីប៉ុណ្ណោះ ដើម្បីទៅដល់គោលដៅ ក្រោយការបាញ់បង្ហោះ។
គួរបញ្ជាក់ថា មីស៊ីលកម្រិតមធ្យមនេះ មានរយៈចម្ងាយពី ៣.០០០-៥.៥០០គីឡូម៉ែត្រ ដែលអាចឲ្យវាយប្រហារគ្រប់ទីកន្លែង នៅអឺរ៉ុប ឬភាគខាងលិចសហរដ្ឋអាមេរិក ចេញពីប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពណ៌នាអំពីការប្រើប្រាស់មីស៊ីល Oreshnik ជាលើកដំបូងនេះថា ជាការធ្វើតេស្តដោយជោគជ័យ ហើយបាននិយាយថា អ្វីៗនឹងកើតមានតាមក្រោយទៀត៕