ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ Site Intelligence Group (SITE) បានឲ្យដឹងថា យ៉ាងហោចណាស់ទាហានស៊ីឈ្នួល ៧នាក់ មកពីក្រុមយោធាឯកជន Wagner របស់រុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ នាភាគកណ្តាលប្រទេសម៉ាលី ដែលត្រូវបានអះអាងទទួលខុសត្រូវដោយសម្ព័ន្ធរបស់ក្រុមអាល់កៃដា នៅអាហ្វ្រិកខាងជើង។

នៅមុននេះ ក្រុមទាហានស៊ីឈ្នួល Wagner បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងការប្រយុទ្ធ កាលពីខែកក្កដាជាមួយនឹងក្រុមឧទ្ទាម Tuareg និងពួកអ៊ិស្លាមនិយម នៅជិតព្រំដែនប្រទេសម៉ាលី ជាមួយអាល់ហ្សេរី ដោយបង្ហាញនូវការប្រឈមនឹងគ្រោះថ្នាក់របស់ទាហានស៊ីឈ្នួល ដែលធ្វើការឲ្យរបបយោធា នៅក្នុងតំបន់ Sahel របស់អាហ្វ្រិកខាងលិច។

គួរបញ្ជាក់ាថា ទាំងប្រទេសម៉ាលី និងប្រទេសជិតខាងរបស់ខ្លួន គឺប៊ួគីណាហ្វាសូ និងនីហ្សេ កំពុងតស៊ូទប់ស្កាត់ពួកបំបែកខ្លួន និងការបះបោរដ៏ខ្លាំងក្លារបស់ក្រុមរដ្ឋអ៊ិស្លាម និងអាល់កៃដា ដែលបានកាន់កាប់ដែនដីជាច្រើន នៅតំបន់ Sahel ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ។
ក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ SITE ដែលតាមដានសកម្មភាពជ្រុលនិយម នៅក្នុងតំបន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្ព័ន្ធរបស់ក្រុមអាល់កៃដា គឺក្រុម JNIM បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍កណ្ដាលសប្ដាហ៍នេះ។ SITE បានបន្ថែមថា ក្រុមប្រដាប់អាវុធ JNIM បានសម្លាប់ទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ចំនួន ៧នាក់ និងបានរឹបអូសអាវុធមួយចំនួនផងដែរ៕