នាយករដ្ឋមន្ត្រីហុងគ្រី និងប៉ូឡូញ បានព្រមានដាច់ដោយឡែកពីគ្នា អំពីការកើនឡើងនូវហានិភ័យ ដោយសារសង្គ្រាម នៅអ៊ុយក្រែន កាលពីថ្ងៃសុក្រ (២២ វិច្ឆិកា) បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលទាំងពីរុស្ស៊ី និងអ៊ុយក្រែន ក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមលឿនជាងសំឡេង សំដៅទីក្រុង Dnipro របស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (២១ វិច្ឆិកា) ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលអនុញ្ញាតឲ្យទីក្រុង Kyiv វាយប្រហារចូលដែនដីរុស្ស៊ី ដោយប្រើអាវុធកម្រិតខ្ពស់របស់លោកខាងលិច។
ហើយកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបន្ទាបកម្រិតគោលការណ៍ សម្រាប់ការវាយប្រហារដោយនុយក្លេអ៊ែរ ដោយពង្រីកការប្រើប្រាស់ដែលអាចមានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដ៏ទូលំទូលាយដោយអាវុធទូទៅ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា វិធានការរបស់រុស្ស៊ី គួរតែត្រូវបានយកចិត្តទុកដាក់ ហើយបណ្ដាប្រទេសអឺរ៉ុប គួរតែប្រកាន់យក «តក្កវិជ្ជាសម័យសង្រ្គាម» ដើម្បីដោះស្រាយជាមួយទីក្រុងមូស្គូ។
ចំណែកនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រាប់ថា ព្រឹត្តិការណ៍ថ្មីៗនេះ បានបង្ហាញថា មានហានិភ័យជាក់ស្ដែងដោយសារជម្លោះពិភពលោកដែលបានផ្ទុះឡើង និងឆ្លុះបញ្ចាំងថា សង្រ្គាម នៅអ៊ុយក្រែន កំពុងឈានចូលដល់ «ដំណាក់កាលកំណត់ដ៏សំខាន់មួយ»៕