ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២០នាក់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ហើយបានវាយប្រហារទៅលើមន្ទីរពេទ្យមួយនៅភាគខាងជើងនៃតំបន់រងការឡោមព័ទ្ធមួយនេះ ដោយធ្វើឱ្យបុគ្គលិកពេទ្យរងរបួស និងសម្ភារៈបរិក្ខារខូចខាត។
មន្ត្រីសុខាភិបាលបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានសមាជិក ៧ នាក់នៃគ្រួសារមួយ ដែលផ្ទះរបស់ពួកគេត្រូវបានវាយប្រហារពេលយប់ជ្រៅនៅជាយក្រុង Zeitoun របស់ក្រុងហ្កាហ្សា ។ អ្នកផ្សេងទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយឡែកពីគ្នារបស់អ៊ីស្រាអែលនៅភាគកណ្តាល និងភាគខាងត្បូងដែនដីហ្កាហ្សា។
ជាមួយគ្នានោះ កងកម្លាំងអ៊ីស្រាអែលបានបង្កើនការលុកលុយ និងការទម្លាក់គ្រាប់បែកយ៉ាងកក្រើកទៅលើជាយភាគខាងជើងនៃតំបន់កាន់កាប់ដោយអ៊ីស្រាអែលមួយនេះ ដែលជាការវាយលុកដ៏ធំរបស់ពួកគេចាប់តាំងពីដើមខែមុនមក។
អ្នកនាំពាក្យក្រុមប្រដាប់អាវុធហាម៉ាសបាននិយាយថា ចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ក្រុមនេះត្រូវបានសម្លាប់នៅក្នុងតំបន់ភាគខាងជើងដោយសារការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល។
យោងតាមក្រុមមន្ត្រីតំបន់ហ្កាហ្សា បានឲ្យដឹងថា យុទ្ធនាការរយៈពេល ១៣ ខែរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សាបានសម្លាប់មនុស្សជាង៤៤.០០០នាក់ និងបានជម្លៀសប្រជាជនស្ទើរតែទាំងអស់នៃតំបន់នេះ យ៉ាងហោចណាស់ម្តង៕