ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះបានឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ទើបរយៈពលជិត ២៧ឆ្នាំចុងក្រោយនេះ អាចស្វែងរកសន្ដិភាពបានតាមរយៈការដឹកនាំ និងនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៦ថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះបានឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាម ទម្រាំទទួលបាននូវសន្ដិភាព ដូច្នេះទើបកម្ពុជា បានឱ្យតម្លៃខ្លាំងណាស់ចំពោះសន្ដិភាពសម្រាប់មនុស្សជាតិ និងភពផែនដី។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា សន្ដិភាពគឺជាគន្លឹះលើអ្វីៗគ្រប់បែបយ៉ាង ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានការអភិវឌ្ឍ គ្មានការរីកចម្រើន និងគ្មាន អនាគតបានឡើយ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជាបានបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕ អត្ថបទ៖ វ៉ន ដារ៉ា
