អណ្តាតភ្លើង និងផ្សែងខ្មៅយ៉ាងក្រាស់ បានហុយពាសពេញលើមេឃនៅថ្ងៃអាទិត្យ ២៤ វិច្ឆិកានេះ ខណៈភ្លើងបានឆាបឆេះផ្ទះរាប់រយខ្នងនៅក្នុងតំបន់សំណង់មិនរៀបរយដែលសាងសង់ជិតៗគ្នា នៃរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន។
នាយកដ្ឋានពន្លត់អគ្គិភ័យស្រុក បាននិយាយថា ផ្ទះប្រហែល ១.០០០ខ្នង ត្រូវបានអគ្គិភ័យកលេបត្របាក់ដែលត្រូវបានគេគិតថាបានចាប់ផ្តើមនៅជាន់ទីពីរនៃផ្ទះមួយក្នុងចំណោមផ្ទះទាំងនោះ។
ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។
វីដេអូដ្រូនដែលត្រូវបានចែកចាយតាមអ៊ីនធឺណិតដោយទីភ្នាក់ងារគ្រោះមហន្តរាយរបស់ទីក្រុងបានបង្ហាញពីលំនៅឋាននៅភូមិ Isla Puting Bato នៃទីក្រុងម៉ានីលត្រូវបានភ្លើងឆេះគ្មានសល់។
យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យបានឱ្យដឹងថា សំណង់ទាំងនោះមានប្រជាជនប្រហែល ២.០០០គ្រួសារ។
អ្នកភូមិ Leonila Abiertas អាយុ ៦៥ ឆ្នាំ បាននិយាយថា រូបគាត់បានបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនស្ទើរតែទាំងអស់ក្នុងអគ្គិភ័យនោះ៕