ភ្នំពេញ៖ព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃនេះ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២.៥លានដូស នៃផែនការ៦.៦លានដូស ពីមជ្ឈមណ្ឌល COVAX Facility។
ការថ្លែងរបស់លោកស្រីវេជ្ជបណ្ឌិត ហ្វូរុក ហ្វូយូហ្សាត ( Foroogh Foyouzat) តំណាងអង្គការយូនីសែហ្វ(UNICEF)ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងឲ្យមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) យ៉ាងដូច្នេះ នាឱកាសដែលលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នឹងមានវត្តមានចូលរួមពីមន្រី្តជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានអញ្ជើញទទួលការមកដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន១២៤,៨០០ដូស តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់ (COVAX Facility) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
លោកស្រីវេជ្ជបណ្ឌិត ហ្វូរុក ហ្វូយូហ្សាត បានបន្តថា សម្រាប់យន្តការកូវ៉ាក់ ក្នុងផែនការយើងមាន៦.៦លានដូស ដែលគ្រោងផ្តល់ជូនមកប្រទេសកម្ពុជា បច្ចុប្បន្នមជ្ឈមណ្ឌលកូវ៉ាក់ បានផ្តល់មកចំនួន២.៥លានដូសគិតត្រឹមថ្ងៃនេះ ដែលប្រហែលជា៣៨% ចំណែកឯវ៉ាក់សាំងកូវីដ-១៩ផ្សេងទៀតដែលនៅសល់ មជ្ឈមណ្ឌលកូវ៉ាក់ នឹងធ្វើការដឹកជញ្ជូនមកបន្តបន្ទាប់ទៀត ទៅតាមផែនការរបស់រាជរដ្ឋាភិបាល។ ដូចដែលយើងដឹងហើយថា រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋបានចំនួនច្រើនមកហើយ។ ដូច្នេះតាមផែនការផ្តល់ជូនលើក្រោយនេះអាចថា ជាវ៉ាក់សាំងដូសជំរុញ ឬក៏អាចវ៉ាក់សាំងដូសផ្សេងទៀតទៅតាមផែនរបស់រដ្ឋាភិបាល។ ដូចនេះវ៉ាក់សាំងមកដល់ក្រោយៗទៀតជាកិច្ចសហការ និងការសម្របសម្រួលជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
ក្នុងនាមលោកស្រី តំណាងអង្គការយូនីសែហ្វ(UNICEF)ប្រចាំព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការយ៉ាងសស្រាក់សស្រាំ បានដាក់ចេញនូវផែនការនិងសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ដ៏គួរឲ្យកោតសរសើរ យើងឃើញថារដ្ឋាភិបាលកម្ពុជា បានវិនិយោគយ៉ាងច្រើនទៅលើការទិញវ៉ាក់សាំងកូវីដ-១៩ពីប្រទេសផ្សេងៗ រួមទាំងនឹងជំនួយផ្សេងទៀតជាលក្ខណៈទ្វេរភាគីជាមួយប្រទេសផ្សេងៗជាដើម។ ជាលទ្ធផលយើងឃើញថាប្រជាពលរដ្ឋច្រើនជាង៩០% បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នេះគឺជាជោគជ័យមួយដ៏ធំធេង។
ទន្ទឹមគ្នានោះដែរលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក(WHO)ប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា បានធ្វើការយ៉ាងអស្ចារ្យទាក់ទងទៅនឹង
ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទឹងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសឈានមុខគេក្នុងការផ្តល់តម្លៃរបស់អង្គការសុខភាពពិភពលោក នឹងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយជាពិសេសផ្តល់ទៅដល់ក្រុមដែលងាយរងគ្រោះ រួមទាំងក្រុមការងារជួរមុខរបស់ក្រុមការងារសុខាភិបាលជាដើម នឹងប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗទៀត។ ជាមួយនឹងអត្រាគ្របដណ្តប់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់រួមទាំងផ្តល់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនេះ គឺធ្វើឲ្យប្រទេសកម្ពុជា អាចធានានូវផ្នែកសុខភាពសាធារណៈបាន ហើយអាចឈានទៅរកការបើកនូវសង្គម និងសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀតបាន។ លោកស្រីវេជ្ជបណ្ឌិត ក៏បានដឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងនឹងបើកសេដ្ឋកិច្ចឡើងវិញ ហើយសម្រាប់លោកស្រី វាជាដំណឹងល្អ ដោយសារយើងគ្រប់គ្នាហាក់បីដូចជានឿយណានឹងរឿងកូវីដ-១៩យូរដែរហើយ។ ប៉ុន្តែយើងនៅតែមានការរក្សានូវតុល្យភាពក្នុងការបើកឡើងវិញនេះ។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ក៏សុំផ្តល់ជាដំណឹងទុកជាមុន ដើម្បីប្រយ័ត្នសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា កាលណាយើងបើកវិញ យើងត្រូវតែគ្រប់គ្រងហានិភ័យឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងកុំឲ្យមានការត្រឡប់មកវិញនូវការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩។ ហើយនេះក៏ជាពេលវេលាមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើតយុទ្ធសាស្រ្ត និងមានប្រព័ន្ធមួយដែលល្អ និងគិតគូរអំពីហានិភ័យក្នុងការសម្របសម្រួល រួមទាំងផ្លាស់ប្តូរ និងរៀនរស់នៅជាមួយនឹងមេរោគកូវីដ-១៩នេះ ដើម្បីអាចបើកនូវសេដ្ឋកិច្ច និងសង្គមឡើងវិញ។
ជាចុងក្រោយ ក្នុងនាមក្រសួងសុខាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត មានសេចកី្តរីករាយ និងគោរពថ្លែងអំណរគុណដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលបានសម្របសម្រួល និងមិនមែនតែប្រទេសកម្ពុជាមួយនោះទេ គឺបូករួមទាំងប្រទេសក្រីក្រដទៃទៀតក្នុងពិភពលោក ដែលមជ្ឈមណ្ឌលកូវ៉ាក់ បានផ្តល់ជំនួយ។ និយាយដោយឡែកសម្រាប់កម្ពុជា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាក ក៏មជ្ឈមណ្ឌលកូវ៉ាក់ ដោយមានតំណាងអង្គការយូនីសែហ្វប្រចាំកម្ពុជា បានធ្វើការក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្របសម្រួលប្រមែប្រមូលវ៉ាក់សាំងកូវីដ-១៩ ផ្តល់ជាជំនួយ ជូនដល់ប្រទេសកម្ពុជាផងដែរ៕រូបភាព៖ អត្ថបទ







