ភ្នំពេញ ÷ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បានដឹកនាំក្រុមការងាររៀបចំពិធីសំណេះសំណាល និងអាហារសាមគ្គីជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅទីក្រុងប៉េកាំង និងទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ២៧០នាក់ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំមន្ត្រីស្ថានទូត តំណាងសាកលវិទ្យាល័យចិន, នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីនេះឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ដល់និស្សិតដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមបន្តថា កត្តាសុខសន្តិភាពរបស់កម្ពុជា បានផ្តល់ឱកាសដល់និស្សិតខ្មែរសិក្សារៀនសូត្រពេញលេញ និងបន្តការសិក្សានៅក្រៅប្រទេស។ ឯកឧត្តម គូសបញ្ជាក់ថា និស្សិតទាំងអស់ត្រូវដឹងគុណបំណាច់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជា ក្នុងការនាំសន្តិភាព និងការអភិវឌ្ឍ។ បន្ថែមពីនេះ ឯកឧត្តម ឡាវ វ៉ាន់ បានលើកឡើងថា ក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តថែរក្សាសន្តិភាព និងធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត ដូចនេះកូនខ្មែរគ្រប់រូបត្រូវសាមគ្គីភាព និងរួបរួមគ្នា មានតែសាមគ្គីភាពទេទើបធ្វើឱ្យខ្មែរខ្លាំង ខ្មែរមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ លើសពីនេះនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមកបន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានគាំទ្រចំពោះប្រសាសន៍ឯកឧត្តម ឡាវ វ៉ាន់ ដែលនិស្សិតខ្មែរត្រូវសាមគ្គីភាពគ្នា រួបរួមគ្នា និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក។ ការជួបជុំគ្នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបង្កើតទំនាក់ទំនងរវាងខ្មែរ និងនិស្សិតខ្មែរ ដែលមករៀននៅក្រៅប្រទេស ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវចូលរួមថែរក្សាចំណងមិត្តភាពជាមួយបរទេសតាមរយៈពង្រឹងចាស់ ជាពិសេសប្រទេសចិន ដែលជាមិត្តដ៏ល្អរបស់ប្រទេសកម្ពុជា និងបានរួមចំណែកជាច្រើនក្នុងការជួយ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ទន្ទឹមនេះក៏ត្រូវពង្រីកថ្មីបន្ថែមទៀត ជាមួយបណ្តាប្រទេសជាមិត្តផ្សេងៗ។ ជាចុងក្រោយ លោកជំទាវ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវចូលរួមលើកកម្ពស់កិត្យានុភាពប្រទេសជាតិ តាមរយៈធ្វើជានិស្សិតល្អ និងខិតខំប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែនៅក្នុងសាកលវិទ្យាល័យ៕
អត្ថបទ រដ្ឋា















