បុគ្គលម្នាក់ក្នុងចំណោមក្រុមអ្នកសម្របសម្រួលបាននិយាយថា ក្រុមការងាររដ្ឋាភិបាលប៉ាគីស្ថាន បានសម្របសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៧ថ្ងៃរវាងគូប្រជែងក្រុមនិកាយប្រដាប់អាវុធកាលពីថ្ងៃអាទិត្យ ដោយបញ្ឈប់ការប៉ះទង្គិចជាច្រើនថ្ងៃ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨ នាក់ និងរាប់សិបនាក់រងរបួសនៅភាគពាយព្យប្រទេសនេះ។

អំពើហិង្សាបានចាប់ផ្តើមនៅពេលក្រុមខ្មាន់កាំភ្លើងបានវាយប្រហារលើក្បួនរថយន្តស៊ីវិលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ភាគច្រើនជាជនមូស្លីមនិកាយស៊ីអ៊ីត។ ការសម្លាប់រង្គាលនោះបានបង្កឱ្យមានការវាយប្រហារសងសឹកលើក្រុមអ្នកស្រុកមូស្លីមនិកាយស៊ុននី និងមានការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធពីភាគីទាំងពីរ។

ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត និងនិកាយស៊ុននី បានប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនទស្សវត្ស ជុំវិញជម្លោះដីធ្លីនៅក្នុងស្រុក Kurram ក្បែរព្រំដែនអាហ្វហ្គានីស្ថាន។
លោក Muhammad Ali Saif សមាជិកនៃក្រុមសម្របសម្រួលបានប្រាប់សារព័ត៌មាន Reuters តាមទូរស័ព្ទថា ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់រយៈពេលមួយសប្តាហ៍ ដែលរំពឹងថានឹងត្រូវបន្ថែមពេលវេលាទៀត ដោយបន្ថែមថា ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំៗ បានបញ្ឈប់ហើយ ។

លោកSaif រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃខេត្ត Khyber Pakhtunkhwa ជាទីដែលស្រុក Kurram ស្ថិតនៅបាននិយាយថា ភាគីទាំងពីរក៏បានយល់ព្រមដោះដូរអ្នកទោស រួមទាំងស្ត្រី និងសាកសពអ្នកស្លាប់នៅក្នុងការប៉ះទង្គិចគ្នាផងដែរ៕