ទីក្រុងមូស្គូបានចោទប្រកាន់រដ្ឋបាលជិតផុតអាណត្តិរបស់លោកប្រធានាធិបតីអាមេរិក Joe Bidenថាកំពុងប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ក្នុងការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍រុស្ស៊ីថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត លោក Trump បាននិយាយអំពីការចង់បង្កើតសន្តិភាពតាមមធ្យោបាយណាមួយ ហើយកំពុងដឹកនាំមនុស្សគ្រប់គ្នាឱ្យដើរតាមផ្លូវសន្តិភាព ។
លោក Peskov បាននិយាយនៅក្នុងកម្មវិធីព័ត៌មាននយោបាយនៅទីក្រុងមូស្គូថា ហើយឥឡូវនេះពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរតាមរបៀបដែលកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបំផ្លាញ។

លោក Trump ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា បាននិយាយថា លោកនឹងឈានទៅបញ្ចប់សង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនឲ្យបានឆាប់រហ័ស ខណៈការប្រយុទ្ធគ្នាបានបន្តអស់រយៈពេលជាង ១០០០ ថ្ងៃហើយ។ ទោះបីជាយ៉ាងណាលោកពុំទាន់បង្ហើបពីផែនការច្បាស់លាស់ណាមួយនៅឡើយទេ។
ការអត្ថាធិប្បាយរបស់លោក Peskov ធ្វើឡើងបន្ទាប់ពីលោក Biden បើកដៃឱ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលអាតាខឹមស៍(ATACMS)រយៈចម្ងាយឆ្ងាយពីសហរដ្ឋអាមេរិក ដាក់គោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។ លោក Biden ក៏មានគម្រោងលើកលែងបំណុលមួយចំនួនរបស់អ៊ុយក្រែនផងដែរ៕