របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា អាជ្ញាធរក្នុងតំបន់របស់ប្រទេសចិន កំពុងបង្កើនការគ្រប់គ្រងសុវត្ថិភាព និងការល្បាតរបស់នគរបាល បន្ទាប់ពីហេតុការណ៍សម្លាប់រង្គាលដ៏កក្រើកជាច្រើន ខណៈរដ្ឋាភិបាលកណ្តាលអំពាវនាវឱ្យមានការពង្រឹងសន្តិសុខសាធារណៈ។

នៅទីក្រុង វូស៊ី (Wuxi) ភាគខាងកើត ជាទីដែលការវាយប្រហារដោយកាំបិតរបស់និស្សិតវ័យ ២១ឆ្នាំម្នាក់បានសម្លាប់មនុស្ស ៨នាក់ និងរបួស ១៧នាក់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ក្រុមមន្ត្រីមូលដ្ឋានបានកោះប្រជុំកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដើម្បីពិភាក្សាអំពីវិធានការដើម្បីរក្សាស្ថិរភាពសង្គម នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍។

របាយការណ៍បានឱ្យដឹងថា សុវត្ថិភាពក្នុងបរិវេណសាលារៀនគឺជាចំណុចផ្តោតសំខាន់នៃកិច្ចប្រជុំនោះ។
គំនិតផ្តួចផ្តើមសុវត្ថិភាពទាំងនេះកើតឡើងជិតពីរសប្តាហ៍បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតនៅចិនក្នុងរយៈពេលមួយទសវត្សរ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅពេលដែលបុរសម្នាក់ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តចំពោះការសម្របសម្រួលលែងលះរបស់ខ្លួន ហើយបានបើករថយន្តបំបុកហ្វូងមនុស្សនៅទីក្រុង ជូហៃ (Zhuhai) ភាគខាងត្បូង សម្លាប់មនុស្ស ៣៥នាក់។

ខេត្តហ៊ូណាន (Hunan) មានការវាយប្រហារលើកទីបីកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលក្នុងនោះអ្នកបើកបរម្នាក់បានបើករថយន្តបុកសិស្សសាលា និងអ្នកថ្មើរជើងនៅខាងក្រៅសាលារៀនមួយក្នុងទីក្រុង ឆាងទឺ (Changde) ភាគខាងត្បូងរបស់ចិន ដែលធ្វើឱ្យក្ដីបារម្ភកើនឡើងកាន់តែខ្លាំងពីអំពើហិង្សានៅក្នុងប្រទេស ខណៈក្រុមអ្នកវិភាគនិយាយថា សម្ពាធសេដ្ឋកិច្ចកំពុងមានផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់ប្រជាជន៕