មនុស្សយ៉ាងហោចណាស់មនុស្ស ៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងដែនដីហ្កាហ្សា ស្របពេលមានអ្វីដែលហៅថាជាបទបញ្ជាជម្លៀស ចេញដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ជាយក្រុងហ្កាហ្សា។

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន និយាយថា កងទ័ពអ៊ីស្រាអែល បានចេញបញ្ជាឲ្យជម្លៀសជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក្នុងតំបន់នានានៅភាគខាងត្បូងទីក្រុងហ្កាហ្សា ជារលកនៃការជម្លៀសថ្មីកាលពីថ្ងៃអាទិត្យ។

ក្នុងការបង្ហោះរបស់យោធាបាននិយាថា ដើម្បីសុវត្ថិភាព អ្នកត្រូវតែជម្លៀសទៅកាន់ភាគខាងត្បូងជាបន្ទាន់។
កាលពីថ្ងៃអាទិត្យ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សម្នាក់នៅជំរំជនស៊ីវិល Nuseirat និងពីរនាក់នៅស្រុក Maghazi ដែលទីតាំងទាំង២ស្ថិតនៅកណ្តាលដែនដីហ្កាហ្សា និងមនុស្ស ៣ នាក់នៅទីក្រុង Rafah ភាគខាងត្បូងហ្កាហ្សា ។

នៅតំបន់ហ្កាហ្សាភាគខាងជើង ដែលកងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធតាំងពីដើមខែតុលាមក ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សាបាននិយាយថា មន្ទីរពេទ្យ Kamal Adwan ត្រូវបានវាយប្រហារ ដោយបានធ្វើឱ្យប្រធានមន្ទីរពេទ្យ លោក Hussam Abu Safia រងរបួស។
ប្រធានមន្ទីរពេទ្យខាងលើបាននិយាយថា យើងត្រូវបានកំណត់គោលដៅជារៀងរាល់ថ្ងៃ។ ពួកគេបានដាក់គោលដៅលើយើង ប៉ុន្តែនឹងមិនរារាំងយើងបានឡើយ៕