ក្រុមអ្នកស៊ើបអង្កេតអ៊ុយក្រែន កំពុងសិក្សាពីកម្ទេចកម្ទីនៃមីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យមថ្មីរបស់រុស្ស៊ី ដែលត្រូវបានបាញ់នៅទីក្រុង ឌីនីប្រូ (Dnipro) កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយជាលើកទីមួយហើយដែលអាវុធដ៏មានឥទ្ធិពលបែបនេះត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម។

អ៊ុយក្រែន អនុញ្ញាតឱ្យអ្នកយកព័ត៌មានមួយក្រុមតូចប៉ុណ្ណោះចូលទៅយកព័ត៌មានពីបំណែកនៃមីស៊ីលនេះកាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ហើយមិនឱ្យបង្ហាញពីទីតាំងពិតប្រាកដឡើយដោយហេតុផលសុវត្ថិភាព។

បំណែកមីស៊ីលដែលត្រូវឆេះខ្ទេចខ្ទេចខ្ទីនេះ ត្រូវបានគេដាក់នៅកន្លែងធ្វើកោសល្យវិច្ច័យអាវុធ ហើយអ្នកជំនាញអ៊ុយក្រែនសិក្សាពីកម្ទេចកម្ទីបែបនេះដើម្បីទទួលបានការយល់ដឹងពីខ្សែច្រង្វាក់ផ្គត់ផ្គង់យោធារុស្ស៊ី ការផលិត និងរបៀបបង្កើតវិធានការប្រឆាំង។

រុស្ស៊ី បានដាក់ឈ្មោះមីស៊ីលនេះថា អូរ៉េស្នីក (Oreshnik) ហើយនិយាយថា ប្រព័ន្ធការពារអាកាសមិនអាចស្ទាក់ចាប់វាបានទេ។ អ៊ុយក្រែន និយាយថា អាវុធនេះបានឈានដល់ល្បឿនអតិបរមាជាង ១៣.០០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុង Dnipro កាលពីថ្ងៃបាញ់បង្ហោះ។
សូមបញ្ជាក់ថា មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ជាធម្មតាមានចម្ងាយរហូតដល់ ៥.៥០០គីឡូម៉ែត្រ៕