អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាន់ឌ្រី រូដិនកូ (Andrei Rudenko) បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS នៅក្នុងការលើកឡើងដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (២៤ វិច្ឆិកា) ថា សហរដ្ឋអាមេរិក កំពុងតែប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីបញ្ឆេះឱ្យមានវិបត្តិដ៏ធ្ងន់ធ្ងរនៅអាស៊ី ដោយរំលឹកឡើងវិញពីការគាំទ្ររបស់ទីក្រុងមូស្គូ ចំពោះជំហរប្រទេសចិន លើកោះតៃវ៉ាន់។

លោក Rudenko បានលើកឡើងថា៖ យើងមើលឃើញថា ទីក្រុងវ៉ាស៊ីនតោន រំលោភលើគោលការណ៍ "ចិនតែមួយ" ដែលខ្លួនទទួលស្គាល់ ហើយកំពុងពង្រឹងទំនាក់ទំនងនយោបាយ និងយោធាជាមួយទីក្រុងតៃប៉ិ ក្រោមឃ្លានៃការរក្សា "ស្ថានភាពបច្ចុប្បន្ន" និងបង្កើនការផ្គត់ផ្គង់អាវុធ។

មន្រ្តីជាន់ខ្ពស់រុស្ស៊ីរូបនេះបន្តថា "គោលដៅនៃការជ្រៀតជ្រែកជាក់ស្តែងរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការក្នុងតំបន់នេះ គឺដើម្បីបង្កហេតុជាមួយប្រទេសចិន និងបង្កើតវិបត្តិនៅអាស៊ី ដើម្បីបំពេញផលប្រយោជន៍អាត្មានិយមរបស់ខ្លួន"។

គួរបញ្ជាក់ថា ប្រទេសចិន ចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់បានច្រានចោល ហើយសហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះនេះ ទោះបីជាមិនមានការទទួលស្គាល់ការទូតជាផ្លូវការក៏ដោយ៕