ភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុរដូវរងា កំពុងបង្កឲ្យមានផលប៉ះពាល់ខ្លាំងទៅលើពលរដ្ឋភៀសខ្លួនតំបន់ហ្កាហ្សា ដែលរស់នៅក្នុងស្ថានភាពក្រីក្រ និងតង់ស្នាក់នៅមិនរឹងមាំ។

ភាគច្រើននៃប្រជាជន២,៣លាននាក់នៅតំបន់ហ្កាហ្សាត្រូវបានជម្លៀសចេញ ដែលភាគច្រើន បានភៀសខ្លួនចេញពីទីលំនៅជាច្រើនដង ដោយសារជម្លោះដ៏បង្ហូរឈាម បានកើតឡើងកាលពីខែតុលា ឆ្នាំមុន។
ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យជន់លិចតង់ស្នាក់នៅដែលសង់មិនរឹងមាំរាប់រយតង់នៅទូទាំងតំបន់ហ៊ុមព័ទ្ធមួយនេះ ធ្វើឱ្យខូចអាហារ និងរបស់របរប្រើប្រាស់ ខណៈពេលខ្លះទឹក បានហូរនាំសម្លៀកបំពាក់ ឬក្រ ណាត់ភួយ ដែលការពារពួកគេពីអាកាសធាតុមិនអំណោយផល។
អង្គភាពសេវាសង្គ្រោះបន្ទាន់ប៉ាឡេស្ទីន បាននិយាយថា ជនភៀសខ្លួនរាប់ពាន់នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់តាមរដូវកាល ហើយទាមទារតង់ថ្មី ពីម្ចាស់ជំនួយដើម្បីការពារពួកគេ។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ ថា យ៉ាងហោចណាស់ពលរដ្ឋប៉ាឡេស្ទីនចំនួន៤៤.២១១នាក់ ត្រូវបានសម្លាប់ និង១០៤.៥៦៧នាក់ បានរងរបួសនៅក្នុងការវាយលុករបស់យោធាអ៊ីស្រាអែល លើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ ។